Trump ចុះហត្ថលេខាដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក
បរទេស៖ នៅថ្ងៃចូលកាន់តំណែងដំបូង ប្រធានាធិបតី Donald Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលនាំសហរដ្ឋអាមេរិក ឱ្យដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ហៅកាត់ WHO ជាស្ថាប័នដែលតែងត្រូវបានលោករិះគន់ ម្តងហើយម្តងទៀត ជុំវិញការដោះស្រាយ បញ្ហាជំងឺរាតត្បាត Covid-19 ។
ថ្លែងនៅសេតវិមាន ត្រឹមរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការស្បថចូលកាន់តំណែង នាថ្ងៃអង្គារនេះ ត្រូវនឹងយប់ថ្ងៃចន្ទ ម៉ោងនៅអាមេរិក លោក Trump បាននិយាយថា ហេតុផលសំខាន់ គឺត្រង់ថា សហរដ្ឋអាមេរិកចំណាយច្រើនទៅឱ្យស្ថាប័នអង្គការសហប្រជាជាតិមួយនេះ ជាងប្រទេសផ្សេង ណាទំាងអស់។ លោកបានគូសបញ្ជាក់ថា «អង្គការសុខភាពពិភពលោក បានកេងចំណេញពី ពួកយើង អ្នកគ្រប់គ្នាកេងចំណេញពីសហរដ្ឋអាមេរិក។ ដូច្នេះ រឿងបែបនេះនឹងមិនកើតឡើង ជាថ្មីទេ»។
នេះជាលើកទី២ហើយ ដែលលោក Trump បានព្យាយាមផ្តាច់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក ដោយលោកលើកទី១ ធ្វើឡើង ក្នុងអាណត្តិដំបូង របស់លោក។
នៅក្នុងបទបញ្ជាប្រតិបត្តិថ្មី លោក Trump ប្រាប់ឱ្យបណ្តាទីភ្នាក់ងារនានា ផ្អាកការផ្ទេរ នាពេលអនាគត នូវមូលនិធិ ជំនួយ ឬធនធានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ណាមួយ ទៅកាន់ WHO។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក ត្រូវបានគេដឹងថា គឺជាអ្នកផ្ដល់ហិរញ្ញវត្ថុធំជាងគេបំផុត សម្រាប់អង្គការសុខភាពពិភពលោក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត