ថៃប្រើយុទ្ធសាស្ត្រសម្ដែងរបាំនាគក្រោមទឹក អន្ទងចិត្តទេសចរថ្ងៃចូលឆ្នាំចិន
បាងកក ៖ សួនកំសាន្តពិភពបាតសមុទ្រនៅថៃ នាពេលថ្មីៗនេះ បានចាប់ផ្ដើមសម្ដែងរបាំនាគក្រោមទឹកដ៏អស្ចារ្យ និងចម្លែកមិនធ្លាប់មានពីមុន ដើម្បីអន្ទងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា មុនពេលពិធីបុណ្យចូលឆ្នាំចិនមកដល់។
អ្នកមុជទឹក ៤នាក់បានសម្ដែងរបាំបុរាណនេះ នៅអាងពិភពបាតសមុទ្រ ឬ Sea Life Bangkok Ocean World ដែលហ៊ុព័ទ្ធដោយត្រីឆ្លាម និងត្រីប្រភេទដទៃទៀត ដើម្បីបង្ហាញទស្សនីយភាពពិសេសមួយ ត្រៀមស្វាគមន៍ថ្ងៃចូលឆ្នាំចិនឆ្នាំម្សាញ់ ដែលកាន់តែខិតជិតមកដល់។
ជាមួយគ្នានេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅកណ្ដាលរដ្ឋធានីបាងកក ដែលជាបេះដូងរបស់ប្រទេសថៃ ទស្សនាការសម្តែងរបាំនាគក្រោមទឹកដ៏អស្ចារ្យ និងចម្លែកមិនធ្លាប់មាន ខណៈដែលប្រទេសថៃកំពុងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំចិន២០២៥។
អ្នកទេសចរម្នាក់មកពីទីក្រុងស៊ាងហៃ បានរៀបរាប់ថា ខ្ញុំគិតថា ការសម្ដែងរបាំបុរាណនេះ គឺមានភាពច្នៃប្រឌិតខ្លាំង ដោយសារកន្លងមក ខ្ញុំធ្លាប់ដើរទស្សនាពិភពបាតសមុទ្រជាច្រើនដែរ ប៉ុន្តែមិនធ្លាប់ឃើញមានការសម្ដែងបែបនេះពីមុនមកទេ។
រីឯអ្នកមុជទឹកម្នាក់ឈ្មោះ Poonsak អាយុ ៣៩ឆ្នាំ បាននិយាយថា នាគសម្រាប់ការសម្តែងនៅឆ្នាំនេះ គឺវែងជាង និងធំជាងឆ្នាំមុនៗ ដែលធ្វើឱ្យការសម្ដែងកាន់តែគួរឱ្យរំភើបជាងមុន។
យោងតាមក្រសួងដឹកជញ្ជូនថៃ បានឱ្យដឹងថា ភ្ញៀវទេសចរ ៤លាននាក់ ត្រូវបានរំពឹងថា នឹងទៅលេងកំសាន្តប្រទេសថៃ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន២០២៥នេះ ហើយភ្ញៀវភាគច្រើនមកពីប្រទេសចិន៕
ប្រភព ៖ Abs-cbn ប្រែសម្រួល ៖ ឈឹម ទីណា