ការសិក្សាស្រាវជ្រាវជីវៈចម្រុឧទ្យានជាតិវីរៈជ័យបង្ហាញថាមានសត្វព្រៃច្រើនប្រភេទកំពុងរស់នៅ
(ភ្នំពេញ)៖ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យ នៃប្រទេសកម្ពុជា បានបង្ហាញថាមានសត្វព្រៃជាច្រើនប្រភេទកំពុង វត្តមានរស់នៅក្នុងតំបន់ការពារដាច់ស្រយាលមួយនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការការពារប្រព័ន្ធអេកូឡូស៊ីនេះ។

គួរបញ្ជាក់ថាការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាននៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ឱ្យដឹងថាការសិក្សានេះត្រូវបានធ្វើឡើង ដោយអង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង បរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។ ការសិក្សានេះក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទជាលើក ដំបូងផងដែរ នៅប្រទេសកម្ពុជា ដូចជា ឈ្លូសយក្ស ដែលជាប្រភេទជិតផុតពូជបំផុត សត្វប្រចៀវ២ប្រភេទ ជីងចក់១ប្រភេទ ថ្លែន ១ប្រភេទ តុកកែ១ប្រភេទ ផ្សិត១ប្រភេទ និងរុក្ខជាតិ៣ប្រភេទ (ក្នុងនោះមាន កេសរកូល១ប្រភេទ ត្រាវទឹកព្រៃ១ប្រភេទ និងខ្ចី១ ប្រភេទ)។

ប្រភពដដែលខាងលើនេះបានបញ្ជាក់ថា អ្វីដែលសំខាន់និងលើសពីនេះ ការសិក្សានេះក៏បានកត់ត្រាកង្កែប៣ប្រភេទ ដែលបានរកឃើញនៅប្រទេសកម្ពុជាតែមួយដងគត់ ក្នុងឧទ្យាន ជាតិវីរៈជ័យនេះ ក្នុងនោះមាន២ប្រភេទ ដែលមិនធ្លាប់ឃើញក្នុងលក្ខណៈពេញវ័យនោះទេ។

ដោយឡែកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការងារស្រាវជ្រាវជីវៈចម្រុះ ដូចដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨៖ ដោយសង្កត់ធ្ងន់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវ ជីវៈចម្រុះនៅឧទ្យានជាតិវីរជ័យបានបង្ហាញពីភាពសម្បូរបែប និងសារៈសំខាន់នៃតំបន់ការពារនេះ និងក្រើនរំលឹកយើងទាំងអស់ គ្នាអំពីភាពចាំបាច់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីដែលគ្មានអ្វីមកជំនួសបាន ក្នុងតំបន់ការពារធម្មជាតិនេះ។

លោក Pablo Sinovas នាយកនៃអង្គការសត្វព្រៃនិងរុក្ខជាតិ នៅកម្ពុជា បានបញ្ជាក់ប្រាប់ថា “ឧទ្យានជាតិវីរៈជ័យ គឺជាតំបន់ ពិសេសដែលសំបូរទៅដោយជីវៈចម្រុះ និងជាជម្រកសម្រាប់សត្វកម្រ និងប្រភេទដែលមានវត្តមានតែនៅនឹងតំបន់ហ្នឹងជាច្រើន ប្រភេទ ដែលប្រភេទមួយចំនួនមិនត្រូវបានរកឃើញនៅតំបន់ផ្សេងនៅកម្ពុជា និងពិភពលោកឡើយ។ ប៉ុន្តែឧទ្យានជាតិនេះកំពុង ប្រឈមនឹងការគំរាមកំហែងមួយចំនួន៖ ការកាប់បំផ្លាញព្រៃឈើ ការរេចរឹលព្រៃឈើ ការខូចខាតនូវទីជម្រក និងការដាក់អន្ទាក់។ បញ្ហាប្រឈមទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សត្វព្រៃនៃឧទ្យានជាតិប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជា ជនដែលរស់នៅក្នុង និងជុំវិញតំបន់នេះផងដែរ ដែលភាគច្រើនពឹងផ្អែកខ្លាំងលើធនធានព្រៃឈើ។

លោកបានបន្តថា៖ឧទ្យានជាតិវីរៈជ័យ គឺជាតំបន់ដ៏សំខាន់មែនទែនក្នុងតម្លៃសម្រាប់ធម្មជាតិ មនុស្ស និងអាកាសធាតុ។ បរិមាណ កាបូនដ៏ច្រើនត្រូវបានស្តុកនៅក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើដ៏មានតម្លៃទាំងនេះ ដែលដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រែប្រួល អាកាសធាតុ។ ដូច្នេះវាចាំបាច់ណាស់ដែលយើងបន្តធ្វើការជាមួយរដ្ឋាភិបាល ដៃគូនានារបស់យើង និងជាមួយសហគមន៍មូលដ្ឋាន ដើម្បី ធានាថាតំបន់ដែលសំបូរជីវៈចម្រុះនេះអាចត្រូវបានការពារសម្រាប់មនុស្សជំនាន់ក្រោយ។

គួរបញ្ជាក់ថា ឧទ្យានជាតិវីរៈជ័យ គឺជាជម្រកដ៏ពិសិដ្ឋមួយសម្រាប់ជីវៈចម្រុះជាច្រើនប្រភេទ ដែលមានទំហំប្រមាណ ១១០,០០០ ហិចតា ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាប់នឹងព្រំដែននៃប្រទេសឡាវ វៀតណាម ហើយជាទីជម្រកចំពោះប្រភេទសត្វព្រៃមួយចំនួន ដែលមិនមានវត្តមាននៅតំបន់ណាផេ្សងឡើយក្នុងពិភពលោកនេះ និងជាពិសេសនៅមានប្រភេទសត្វជាច្រើន ដែលមិនទាន់រកឃើញនៅឡើយ។

ដោយឡែកសម្រាប់ ទិន្នន័យនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងឧទ្យានជាតិនេះ ជាមួយនឹងការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រភេទសត្វ ទីតាំងរស់នៅ និងការគម្រាមកំហែងដល់ប្រភេទសត្វទាំងនោះ ជាមួយគ្នានេះ យើងអាចរៀបចំយុទ្ធសាស្រ្តអភិរក្សជាក់លាក់បានប្រសើរជាងមុន និងពង្រឹងការគ្រប់គ្រងតំបន់ការពារ រួមទាំងជួយដល់សហគមន៍ជនជាតិដើមភាគតិចក្នុងការបន្តប្រើប្រាស់អនុផលព្រៃឈើប្រកបដោយនិរន្តរភាព៕
ដោយ ៖ ម៉ាដេប៉ូ
