កំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល ត្រូវបានពង្រីកបន្ថែម

បាត់ដំបង៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងក្នុងឆ្នាំ២០២៥ បានបន្តអនុវត្តគម្រោងសាងសង់ពង្រីកកែលម្អ​កំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីតភ្ជាប់ទៅកាន់ផ្លូវជាតិល្បឿន​៦០ម៉ែត្រ​ប្រវែងជាងមួយ​គីឡូ​ម៉ែត្របន្ថែមទៀត។ការស្តារនិងកែលម្អផ្លូវនេះ​ជាជំហាន​បន្តពីគម្រោងឆ្នាំ២០២៤កន្លងទៅ បន្ទាប់ពីមន្ទីរអនុវត្តបាន​១០០​ភាគរយ​លើគម្រោងពង្រីកកែលម្អផ្លូវប្រវែង ១ ៥០០ ម៉ែត្រ បានរួចរាល់ហើយ ។

ខណៈគ្រឿងចក្រត្រូវបានបញ្ជូនទៅដល់ការដ្ឋាននិងកំពុងចាប់ចាប់ផ្តើមការងារ លោក ព្រួញ រិទ្ធថា ​ប្រធានមន្ទីរសាធារណ​ការ​​និងដឹកជញ្ជូនខេត្តបាត់ដំបង​បានបញ្ជាក់ថា ការសាងសង់កែលម្អកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ​ឃុំជ្រៃ ស្រុកថ្ម​គោល គឺដើម្បីតភ្ជាប់ជាមួយកំណាត់ផ្លូវដែលបាន​កែលំអរួច​រាល់កាលពីឆ្នាំ២០២៤ក្នុងភូមិសាស្ត្រ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

លោកប្រធានមន្ទីសាធារណការបន្ថែមថា សម្រាប់ឆ្នាំ២០២៥នេះ មន្ទីរ​សាធារណការខេត្តបាត់ដំបង ទទួលបាន​កញ្ចប់​គម្រោង​ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងផ្ទាល់ចំនួន៤គម្រោង ហើយគម្រោងទាំងនេះ ត្រូវបានក្រុម​ការងារវិស្វកម្ម​​របស់​មន្ទីរ កំពុងតែចុះអនុវត្តផ្ទាល់ រួមមាន ការងារពង្រីកផ្លូវជាតិ​លេខ៥,ការងារសង់ប្រព័ន្ធលូតាមបណ្តោយ​​ផ្លូវជាតិលេខ៥ និងការងារ​ពង្រីកផ្លូវចំនួន២ខ្សែ នៅស្រុកបាណន់។

បើតាមលោកប្រធានមន្ទីររូបបានឱ្យដឹងថា បច្ចុប្បន្នទូទាំង១៤ស្រុក-ក្រុង មន្ទីរបាននិងកំពុងតែអនុវត្ត នូវការងារថែទាំផ្លូវ​កៅស៊ូ ចំនួន៣១ខ្សែ ប្រវែងជាង ៧៩៤ គីឡូម៉ែត្រ និងការងារថែទាំផ្លូវក្រួសក្រហមចំនួន៣៧ខ្សែ ប្រវែងជាង ៥២១​គីឡូម៉ែត្រ ។

ស្របពេលការអនុវត្តគម្រោងកំពុងប្រព្រឹត្តទៅយ៉ាងម៉ត់ចត់ និងដើម្បីបង្ក​លក្ខណៈងាយស្រួលដល់ការដ្ឋាន លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណ​បានសំណូមពរដល់ប្រជាពលរដ្ឋ សូមកុំរំលោភបំពានយកដីចំណីផ្លូវ ,កុំសង់នូវ​សំណង់​ផ្សេងៗ​លើដីចំណីផ្លូវដែលទំនេរ និងជាដីបម្រុងទុករបស់រដ្ឋ។

ទន្ទឹមនឹងសមិទ្ធផលថ្មីនឹងលេចចេញជារូបរាង លោកប្រធានមន្ទីរក៏បាន​អំពាវនាវដល់អ្នកប្រើប្រាស់ដង​ផ្លូវទាំងអស់សូម​ចូលរួមគោរព​ច្បាប់​ចរាចរណ៍ ជួយថែទាំផ្លូវថ្នល់ និងកុំដឹកជញ្ជូនលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវថ្នល់៕
អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.

ads banner