ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវបានប្ដូរឈ្មោះទៅជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពី ការប្តូរឈ្មោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជា ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ។
យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២ បានសម្រេច៖ មាត្រា១ ត្រូវបានប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលសរសេរជាអក្សរកាត់ថា អ.ជ.ក. និងមានឈ្មោះ ជាភាសាអង់គ្លេសថា Air Cambodia។
មាត្រា២ – លិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដែលពាក់ព័ន្ធនឹងការប្រើឈ្មោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវមានអានុភាពគតិយុត្តអនុវត្តបន្ត រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ស្របតាម បទប្បញ្ញត្តិ នៃអនុក្រឹត្យនេះ ។
មាត្រា៣-បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
មាត្រា៤- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល, រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
ជុំវិញការផ្លាស់ប្ដូរឈ្មោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» ទៅជា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា» ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន ទូរទស្សន៍ឱ្យដឹងថា ការផ្លាស់ប្ដូរនេះ ដើម្បីបង្កើន និងជំរុញការផ្គត់ផ្គង់ និងប្រតិបត្ដិការ ក្រុមហ៊ុនអាកាសចរណ៍នេះ ឱ្យមានការរីកចម្រើន និងវិវត្ដន៍ទៅមុខ ស្របទៅតាមទស្សនៈទាន និងយុទ្ធសាស្រ្តពង្រឹង និងពង្រីកនូវសេវារបស់ខ្លួន ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវអ្វីដែលមានស្រាប់ និងឆ្ពោះទៅបើកទីផ្សារថ្មីៗនៅក្នុងតំបន់ ។
បន្ថែមពីនោះទៀត ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងដែរថា ក្រុមហ៊ុន ក៏មានផែនការ ក្នុងការដាក់បញ្ចូល នៃយន្ដហោះប្រភេទ ATR72-600 ក្នុងឆ្នាំ២០២៥នេះ ចំនួន ៣គ្រឿង ដើម្បីពង្រឹង ពង្រីក កែលម្អទីផ្សារក្នុងស្រុក ក៏ដូចជា ធ្វើឲ្យប្រសើរឡើង នូវការដឹកជញ្ជូនសេវាអ្នកដំណើរ នៅក្នុងប្រទេសកម្ពុជា និងសេវាដឹកអ្នកដំណើរ នៅក្នុងប្រទេសជិតខាង ។
គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិ តែមួយគត់ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩ ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យ ដឹកជញ្ជូនផ្លូវអាកាស ទេសចរណ៍ជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមកនេះ ។
ក្រុមហ៊ុន បានបន្តពង្រីកការហោះហើរ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ ហាណូយ ហូជីមិញ ដាណាំង សៀងហៃ ក្វាងចូវ ហៃគូ ចិនចូវ និងវៀងចន្ទន៍ ហើយនឹងគ្រោងហោះហើរ ទៅកាន់គោលដៅជាច្រើនផ្សេងទៀត នាពេលឆាប់ៗខាងមុខ ៕
ដោយ ៖ វណ្ណលុក