រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ការធ្វើអត្តឃាត បានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មីមួយ សម្រាប់ពិភពលោក
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យសម្រាប់ ការបង្ការការធ្វើអត្តឃាត” ដែលបានរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការធ្វើអត្តឃាតបានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មីមួយ សម្រាប់ពិភពលោក ដែលការធ្វើអត្តឃាតជាមូលហេតុនាំមុខមួយ នៃការស្លាប់។ បង្ការការធ្វើអត្តឃាត ក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ជូនសមាជិកសិក្ខាសាលា ដើម្បីជាទុនសម្រាប់ការពិចារណា ក្នុងការកសាងផែនការ សម្រាប់ការបង្ការការធ្វើអត្តឃាត។
ឯកឧត្តមសាស្រ្តាចារ្យ ក៏អំពាវនាវ ដល់អង្គការសុខភាពពិភពលោក អង្គការ USAID ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិ បន្តជួយដល់វិស័យសុខាភិបាល និងក្រសួង/ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែនការសម្មភាពពហុវិស័យសម្រាប់បង្ការការធ្វើអត្តឃាត ជាបន្តទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សូមជម្រាបជូនថា សិក្ខាសាលានេះរៀបចំឡើងដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ៗ៖ ១) ស្វែងយល់ពីការធ្វើអត្តឃាតជាសកល ក្នុងតំបន់ និងនៅប្រទេសកម្ពុជា ២) ចែករំលែកបទពិសោធន៍នៃការបង្ការការធ្វើអត្តឃាត ៣) ធ្វើការវិភាគស្ថានការណ៍ ៤) រៀបចំសេចក្តីព្រាង ផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ









