អ៊ុយក្រែនសំងំផលិតប្រព័ន្ធការពារដែនអាកាសខ្លួនឯងទប់ទល់នឹងរុស្ស៊ី

កៀវ ៖ អគ្គមេបញ្ជាការ លោក Oleksandr Syrskyi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ុយក្រែន TSN នាពេលថ្មីៗនេះថា ប្រទេសអ៊ុយក្រែនកំពុងសំងំអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯង ដើម្បីទប់ទល់នឹងការវាយប្រហារពីរុស្ស៊ី។

លោក Syrskyi បានប្រាប់សារព័ត៌មាន TSN ថា ត្រលប់ទៅសម័យកាលសូវៀត… យើងអាចផលិតប្រព័ន្ធគ្រប់គ្រងទាំងអស់ រាប់ចាប់ពីប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង ដូច្នេះហើយយើងកំពុងអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯងផ្ទាល់។ លោក Syrskyi បន្ថែមថា ប្រព័ន្ធការពារដែនអាកាសនេះ បង្កើតឡើងមានគោលបំណងប្រជែងនឹងប្រព័ន្ធការពារដែនអាកាសប៉ាទ្រយ៉ូតរបស់អាមេរិក។

បើតាមការបញ្ជាក់របស់លោក Syrsky ការគំរាមកំហែងដែលបង្កឡើងដោយមីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មីរបស់រុស្ស៊ី គឺ Oreshnik គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់អ៊ុយក្រែន ក្នុងការជំរុញផលិតប្រព័ន្ធការពារដែនអាកាសប្រឆាំងនឹងមីស៊ីលរបស់រុស្ស៊ី។

យ៉ាងណា លោក Syrskyi ក៏បានទទួលស្គាល់ដែរថា មានតែប្រព័ន្ធការពារដែនអាកាសមួយចំនួនប៉ុណ្ណោះ ដែលអាចកម្ទេចមីស៊ីលលឿនជាងសំលេង Oreshnik របស់រុស្ស៊ីបាន ហើយអ៊ុយក្រែននៅមិនទាន់មានសមត្ថភាពទប់ស្កាត់នៅឡើយទេ។

យោងតាមរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានឱ្យដឹងថា អ៊ុយក្រែនមានបំណងចំណាយប្រាក់ចំនួន ៣៥ពាន់លានដុល្លារលើការផលិតអាវុធនៅឆ្នាំ ២០២៥៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner