ប៉ាណាម៉ាច្រានចោលបំណងលោក ត្រាំ ដែលចង់យកព្រែកជីកប៉ាណាម៉ាមកវិញ
ប៉ាណាម៉ា ៖ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានចេញមុខច្រានចោលភ្លាមៗ ចំពោះផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់បានព្រែកជីកប៉ាណាម៉ាត្រឡប់ទៅវិញ ដោយលោកប្រាប់ទៅកាន់សមភាគីអាមេរិកថា ផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់នេះ នឹងនៅតែស្ថិតក្នុងកណ្តាប់ដៃរបស់ប្រទេសប៉ាណាម៉ា។
លោក Mulino បានគូសបញ្ជាក់យ៉ាងដូច្នេះថា លោកបានច្រានចោលទាំងស្រុង ចំពោះការប្តេជ្ញារបស់លោក ត្រាំ ដែលចង់បានព្រែកជីកប៉ាណាម៉ាត្រឡប់ទៅវិញ ហើយថា គ្មានវត្តមានរបស់ប្រទេសណាមួយនៅក្នុងពិភពលោក ដែលអាចជ្រៀតជ្រែកជាមួយរដ្ឋបាលរបស់យើងបានទេ។
អត្ថាធិប្បាយបែបនេះរបស់ប្រធានាធិបតីប៉ាណាម៉ា កើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្តេជ្ញាកាលពីថ្ងៃចន្ទសប្តាហ៍នេះថា នឹងធ្វើឱ្យព្រែកជីកប៉ាណាម៉ា មកឋិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេវិញ។
ព្រែកជីកប៉ាណាម៉ា ជាផ្លូវទឹកដែលសហរដ្ឋអាមេរិកបានប្រគល់ទៅឱ្យប៉ាណាម៉ានៅចុងឆ្នាំ ១៩៩៩។ ប៉ាណាម៉ាជាអ្នកគ្រប់គ្រងព្រែកជីកនេះ ប៉ុន្តែក្រុមហ៊ុនចិនកំពុងបង្កើនវត្តមានរបស់ខ្លួន តាមរយៈវិធីសាស្រ្តដឹកជញ្ជូនរវាងច្រកនៃមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។
ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ដោយសហរដ្ឋអាមេរិក ភាគច្រើន ជាមួយនឹងកម្លាំងពលកម្មមកពីតំបន់ការីបៀនដើមកំណើតអាហ្រ្វិក (Afro-Caribbean) ហើយបានបើកដំណើរការនៅឆ្នាំ ១៩១៤។ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ដែលទទួលមរណភាពកាលពីខែមុន ក៏ធ្លាប់ចរចាចង់យកព្រែកជីកនេះត្រឡប់មកវិញដែរនៅឆ្នាំ ១៩៧៧៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា