លោក ថាក់ស៊ីន សន្យាសង់ផ្ទះ១លានខ្នង ឲ្យប្រជាជនថៃមានចំណូលទាប

បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានសន្យាថា នឹងសាងសង់លំនៅឋាន រហូតដល់១លានខ្នង សម្រាប់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប នេះបើតាមការចុះផ្សាយ របស់កាសែត Bangkok Post។

បើតាមប្រភព ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ លោក Thaksin បានថ្លែងថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃទើបបានចាប់ផ្តើមបង្ហាញគម្រោង «ផ្ទះ» សម្រាប់ប្រជាជនថៃ ហើយមានប្រជាជន ៣១លាននាក់ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចុះឈ្មោះ នាំឲ្យមានតម្រូវការច្រើនលើសលប់ ខណៈដែលមានតែប្រមាណ ៧០០០ខ្នង ប៉ុណ្ណោះ ដែលកំពុងត្រូវបានសាងសង់ រហូតមកដល់ពេលនេះ។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅឋានដ៏ខ្ពស់នេះ លោក Thaksin បានអះអាងថា រដ្ឋាភិបាល ដែលគេដឹងថា នាយករដ្ឋមន្ត្រី ជាកូនស្រី របស់លោកនោះ នឹងសាងសង់យ៉ាងហោចណាស់១០ម៉ឺនយូនីត នៅឆ្នាំនេះ និង ១០ម៉ឺនទៀត នៅឆ្នាំបន្ទាប់។ លោកបញ្ជាក់ថា គោលដៅសម្រាប់គម្រោងនេះ គឺសាងសង់ រហូតដល់ ១លានខ្នង។

លោក ថាក់ស៊ីន បាននិយាយថា លោកបានគិតអំពីការសាងសង់លំនៅដ្ឋាន ជាពិសេស ខុនដូ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប ដែលរស់នៅ និងធ្វើការនៅទីក្រុងបាងកក ចាប់តាំងពីលោកបានដឹកនាំគណបក្ស Thai Rak Thai ដែលពេលនេះ ប្តូរមក បក្ស Pheu Thai មកម្ល៉េះ។

លោក ថាក់ស៊ីន បានថ្លែងបែបនេះ នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោតមួយ នៅខេត្ត Bueng Kan កាលពីថ្ងៃអាទិត្យ ពោលគឺមុនពេលមានការបោះឆ្នោតថ្នាក់មូលដ្ឋាន ជ្រើសរើសរដ្ឋបាលខេត្ត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ១ ខែកុម្ភៈ ខាងមុខ នេះបើតាម Bangkok Post ដដែល៕

ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner