ភ្លើងឆេះនៅកន្លែងជិះស្គីតួកគី ស្លាប់ ៧៦នាក់

បរទេស ៖ មនុស្សយ៉ាងតិច ៧៦នាក់បានស្លាប់ ៥២នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍ ភ្លើងឆាបឆេះសណ្ឋាគារនៅឯរមណីយដ្ឋានស្គី ដ៏ពេញនិយម មួយកន្លែង ស្ថិតក្នុងប្រទេសតួកគី កាលពីថ្ងៃអង្គារ។

សណ្ឋាគារ Grand Kartal ដែលស្ថិតនៅភាគខាងជើងប្រទេស បានឆាបឆេះ នៅម៉ោង ៣.៣០នាទី ទៀបភ្លឺ ឈានចូលដល់ថ្ងៃអង្គារ ហើយហេតុការណ៍នេះ បានកើតឡើង ស្របពេលដែលភ្ញៀវបានរីករាយនឹងថ្ងៃឈប់សម្រាករដូវរងា ដែលភាគច្រើន ជាលក្ខណៈគ្រួសារ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា ភ្ញៀវស្នាក់នៅសណ្ឋាគារ មានចំនួន២៣៨នាក់។ លោកបន្តថា សាកសពជនរងគ្រោះ ភាគច្រើន ត្រូវបានប្រគល់ជូនក្រុមគ្រួសារវិញ។ បើតាមប្រភព មនុស្ស៩នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការឆេះនេះ ហើយក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលមូលហេតុ ដោយក្នុងចំណោមអ្នកដែលស្ថិតក្រោមការស៊ើបអង្កេត ក៏មានម្ចាស់សណ្ឋាគារ ផងដែរ ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ។

អ្នករស់រានមានជីវិត និងសាក្សី ដែលឃើញផ្ទាល់ភ្នែក បាននិយាយអំពីទិដ្ឋភាព នៃភាពអស់សង្ឃឹម នៅពេលដែលមនុស្សម្នា ព្យាយាមរត់គេច ពីអណ្តាតភ្លើង ដោយខ្លះ លោតចេញពីបង្អួច ឬ ប្រើកម្រាលពូក ធ្វើជាខ្សែពួរ បណ្តោះអាសន្ន។

សាក្សីម្នាក់ ឈ្មោះ Atakan Yelkova បានរត់គេចពីជាន់ទីបី ជាមួយប្រពន្ធ បានប្រាប់ទីភ្នាក់ងារព័ត៌មាន IHA ថា «មនុស្សនៅជាន់ខាងលើ បានស្រែក… ពួកគេបានបោះកម្រាលពូក ចេញពីបង្អួច អ្នកខ្លះ ព្យាយាមលោត» »។

បុគ្គលិកសណ្ឋាគារ ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា គេបានឃើញភ្ញៀវនៅបង្អួច ស្រែកឱ្យគេជួយ។ «ខ្ញុំបានឃើញឪពុកម្នាក់ កាន់កូនអោបនឹងខ្នើយ នៅក្នុងដៃ របស់គាត់ សំណាងហើយ ដែលគាត់បានរង់ចាំសេវាកម្ម សង្គ្រោះបន្ទាន់ ជួយសង្គ្រោះទាន់ពេល»។ ប្រភពបាននិយាយថា «នៅជាន់ខាងលើ មានស្ត្រីពីរនាក់ បានលោតចេញតាមបង្អួច ហើយក៏ស្លាប់»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner