មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបង ជំរុញលើកទឹកចិត្តឲ្យកសិករដាំដុះស្រូវសែន​ក្រអូប ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់

(ខេត្តបាត់ដំបង)៖ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តបាត់ដំបង បានអំពាវនាវ និងលើកទឹកចិត្តឱ្យកសិករក្នុងខេត្ត នាំគ្នាដាំដុះស្រូវ សែនក្រអូប ដែលកំពុងតែមានតម្រូវការទីផ្សារខ្ពស់ ខណៈដែលស្រូវនេះមានតម្លៃខ្ពស់ល្អ និងមិនមានហានិភ័យ ដល់បងប្អូនក្នុងពេលប្រមូលផល ។

លោក ឈឹម វជិរ៉ា បន្ថែមថា ការដាំដុះ”ស្រូវសែនក្រអូប” នៅក្នុងខេត្តបាត់ដំបង មានចំនួនតិចតួចនៅឡើយ បើផ្អែកទៅតាមតម្រូវការនៃទីផ្សារនាំចេញ ។ តម្លៃស្រូវសែនក្រអូបជាទូទៅ មានតម្លៃខ្ពស់ ដូច្នេះកសិករគួរងាកមកដាំដុះស្រូវសែនក្រអូប ដែលជាពូជស្រូវខ្មែរយើងវិញ នេះប្រសិនបើបងប្អូនមានផ្ទៃដី ដែលអាចដាំដុះពូជស្រូវនេះបាន ។

សូមបញ្ជាក់ដែរថា៖ ក្នុងឱកាសចុះពិនិត្យមើលការប្រមូលផលស្រូវពូជនៅ​កសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្រុកថ្មគោល ខេត្តបាត់ដំបង កន្លងទៅ និងជាបន្តបន្ទាប់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តែងតែធ្វើការដាស់តឿនក្រើនរំលឹក ផ្តល់ការលើកទឹកចិត្ត និងជំរុញដល់បងប្អូនប្រជាកសិករឱ្យនាំគ្នាងាកមកប្រើប្រាស់ពូជស្រូវរបស់ខ្មែរយើងរួមមាន៖ពូជស្រូវសែនក្រអូបនិងពូជស្រូវផ្ការំដួល ដែលអាចរក្សាបាននូវតម្លៃទីផ្សារល្អ ហើយក៏កំពុងតែមានតម្រូវកាទីផ្សារខ្ពស់ ថែមទាំងមានការអន្តរាគមន៍ពីក្រសួងកសិកម្មផ្ទាល់ទៀតផង និងជាជាងបងប្អូនជ្រើសយកក្នុងការដាំដុះពូជស្រូវ ដែលនាំចូលពីបរទេស និងតែងតែបង្កនូវហានិភ័យដល់បងប្អូននៅពេលប្រមូលផល ពីការធ្លាក់ថ្លៃចុះថោក។

ថ្មីៗនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានអំពាវនាវឱ្យកសិករខិតខំរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានផែនការផលិតកម្មច្បាស់លាស់ អាចទទួលបានកម្ចីការប្រាក់ទាប និងមានការគាំទ្រពីក្រសួងកសិកម្ម និងមានហានិភ័យទាប ពីការប្រែប្រួលអាកាសធាតុ ៕

(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

ads banner