ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យ សក្ដានុពល នៅ កម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃព្រះរា​ជា​ណា​ចក្រកម្ពុជា បានអនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធាន​ក្រុម​ប្រឹក្សា ធុរកិច្ចស្ត្រី ហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅ វិមាន សន្ដិភាព នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប, លោកស្រី Rosemarie P. Rafael បានគោរពជម្រាប​ជូនសម្ដេចបវរ ធិបតីអំពីសមាសភាពគណៈប្រតិភូនៃដំណើរទស្សនកិច្ច​មកកម្ពុជានាពេលនេះ ដែលមានថ្នាក់ដឹកនាំស្ត្រី និងជាធុរជនហ្វីលីពីន ចំនួន៣៥រូប ជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនដែលកំពុង​មានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន។

ជាមួយគ្នានោះ លោកស្រីប្រធានក្រុមប្រឹក្សាបានគោរពជម្រាបជូន​សម្ដេច​បវរ​ធិបតីថា គណៈប្រតិភូនឹងចូលរួមវេទិកាធុរកិច្ចដែលសហការ​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីននិងក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសនោះដែរ, គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ​លើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើម។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងការជួយលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យធុរកិច្ចរបស់ក្រុមប្រឹក្សា ព្រមទាំង​បានស្វាមគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចក្នុងការស្វែកឱកាសវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយ​ចំពោះការរៀបចំវេទិកាធុរកិច្ចនៅកម្ពុជានាពេលនេះ ក៏ដូចជាការរៀបចំវេទិកា​ធុរកិច្ច​នៅហ្វីលីពីន នាពេលខាងមុខ ហើយសម្ដេចបានគូសបញ្ជាក់ថា វេទិកា​ធុរកិច្ចទាំងនេះនឹងជួយតភ្ជាប់ទំនាក់ទំនងរវាងធុរជន ឬវិនិយោគិននៃប្រទេស​ទាំងពីរ និងជួយបង្កើតកាលានុវត្តភាពបន្ថែម សម្រាប់ការវិនិយោគជាដើម។

សម្ដេចបវរធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្ត​ទុក​ដាក់​ចំពោះភាពជោគជ័យរបស់វិស័យឯកជន តាមរយៈការដាក់ចេញ​គោល​នយោបាយគាំទ្រ និងវិធានការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងកម្ពុជា។

បន្ថែមលើសនេះ, សម្ដេចបវរធិបតីលើកឡើងថា នៅកម្ពុជា តួនាទីរបស់ស្ត្រី​ក្នុង​វិស័យធុរកិច្ចក៏បាន និង កំពុងវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាចរីកលូតលាស់ទៅបាន លុះត្រាតែមានការចូលរួម​ពីពហុវិស័យ ដើម្បីធានា និងជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner