ឥណ្ឌាប្រើ AI ទប់ស្កាត់ការរត់ជាន់គ្នា ពេលជួបជុំសាសនា

បរទេស ៖ ដោយចង់កែលម្អកំណត់ត្រា គ្រប់គ្រងហ្វូងមនុស្សដ៏អាក្រក់ របស់ប្រទេសឥណ្ឌា ពេលមានព្រឹត្តិការណ៍សាសនាទ្រង់ទ្រាយធំម្តងៗ អ្នករៀបចំ កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ដើម្បីទប់ស្កាត់ ការរត់ជាន់គ្នា។

ការប្រើប្រាស់បច្ចេកវិទ្យានេះ ត្រូវបានអនុវត្ត ខណៈដែលអ្នកធ្វើធម្មយាត្រា អាចមានរហូតដល់ ៤០០លាននាក់ ចូលរួមកម្មវិធីសាសនាហិណ្ឌូ Kumbh Mela ដោយបានផ្តើម តាំងពីថ្ងៃច័ន្ទ និងដំណើរការ រយៈពេល៦សប្តាហ៍។

អាជ្ញាធរនិយាយថា បច្ចេកវិទ្យា ដែលពួកគេបានដាក់ពង្រាយ នឹងជួយពួកគេ ប្រមូលទិន្នន័យប៉ាន់ប្រមាណត្រឹមត្រូវ នៃ ទំហំហ្វូងមនុស្ស ធ្វើឲ្យពួកគេរៀបចំ បានប្រសើរជាងមុន បញ្ចៀសបញ្ហា ដែលអាចកើតមាន។ ប៉ូលីសបាននិយាយថា ពួកគេបានដំឡើងកាមេរ៉ា ប្រហែល ៣០០ នៅឯកន្លែងពិធីបុណ្យ និង នៅលើផ្លូវ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក។ ប្រព័ន្ធនេះនឹងបន្លឺសំឡេងរោទិ៍ ប្រសិនបើផ្នែកនៃហ្វូងមនុស្សប្រមូលផ្តុំខ្លាំងពេក ដែលបង្កការគំរាមកំហែង ដល់សុវត្ថិភាព។

លោក Amit Kumar មន្ត្រីប៉ូលិសជាន់ខ្ពស់ ដែលដឹកនាំប្រតិបត្តិការបច្ចេកវិទ្យា AI នៅក្នុងពិធីបុណ្យ បានប្រាប់ AFP ថា «យើងចង់ឱ្យមនុស្សគ្រប់គ្នា ត្រឡប់ទៅផ្ទះវិញ ដោយរីករាយ បន្ទាប់ពីបានបំពេញកាតព្វកិច្ចរួច»។

គួររម្លឹកថា មនុស្សជាង ៤០០នាក់បានស្លាប់ បន្ទាប់ពីបានរត់ជាន់គ្នា ឬ លង់ទឹក ត្រឹមតែមួយថ្ងៃ នៃពិធីបុណ្យ Kumbh Mela កាលពីឆ្នាំ១៩៥៤ ដែលជាចំនួនអ្នកស្លាប់ ច្រើនបំផុត នៅក្នុងគ្រោះមហន្តរាយ ទាក់ទងនឹងហ្វូងមនុស្ស ទូទាំងពិភពលោក។ មនុស្ស ៣៦ នាក់ផ្សេងទៀត បានស្លាប់ ក្នុងឆ្នាំ២០១៣ អំឡុងពិធីបុណ្យ ដែលប្រារព្ធឡើង នៅភាគខាងជើង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner