វិមានក្រឹមឡាំង ៖ លោក ពូទីន និងលោក ស៊ី ពិភាក្សាពីសង្គ្រាមអ៊ុយក្រែន និងទណ្ឌកម្មលោកខាងលិច
មូស្គូ ៖ វិមានក្រឹមឡាំងបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានពិភាក្សាគ្នាអំពីសង្គ្រាមអ៊ុយក្រែន, ការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងទំនាក់ទំនងដ៏មានសក្តានុពលរវាងរុស្ស៊ី និងរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ គឺជាផ្នែកមួយនៃសន្ទនាគ្នាតាមវីដេអូអនឡាញនាឱកាសពិធីបុណ្យចូលឆ្នាំចិន ដែលលើកនេះមានរយៈពេលជាងមួយម៉ោងកន្លះ។ នេះបើតាមការបញ្ជាក់ពីជំនួយការគោលនយោបាយការបរទេសរបស់លោក ពូទីន គឺលោក យូរី យូសាខូវ។
លោក យូសាខូវ បន្ថែមថា នាឱកាសនោះ លោក ពូទីន បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការចរចាជាមួយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។
លោក យូសាខូវ បានបញ្ជាក់ទៀតថា រុស្ស៊ីក៏បានត្រៀមខ្លួនជាស្រេចផងដែរ ក្នុងការកសាងទំនាក់ទំនងដែលឈរលើមូលដ្ឋានផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នា ប្រសិនបើរដ្ឋបាលថ្មីរបស់លោក ត្រាំ ពិតជាបង្ហាញការចាប់អារម្មណ៍នឹងរឿងនេះ។
យ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបចូលកាន់តំណែងថ្មី បានសន្យាម្តងហើយម្តងទៀតថា នឹងបញ្ឈប់ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីគាត់ចូលកាន់តំណែង៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា