ទីបំផុត! ប្រធានាធិបតីកូរ៉េព្យួរតំណែង បង្ហាញខ្លួនក្នុងសវនាការ

បរទេស ៖ បន្ទាប់ពីខកខានប៉ុន្មានលើក នៅទីបំផុត ប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon Suk Yeol បានបង្ហាញខ្លួន នៅសវនការរបស់តុលាការធម្មនុញ្ញ ជាលើកដំបូង កាលពីថ្ងៃអង្គារ ហើយបានប្តេជ្ញាថា នឹងសហការជាមួយចៅក្រម ដែលនឹងសម្រេចចិត្តថា តើត្រូវដកលោក ចេញពីតំណែង ឬ យ៉ាងណា។

ប្រទេសនេះបានធ្លាក់ចូល ទៅក្នុងភាពវឹកវរ ផ្នែកនយោបាយ ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ របស់លោក Yoon ដែលមានរយៈពេលត្រឹមតែ៦ម៉ោង មុនពេលសមាជិកសភាបោះឆ្នោត ទម្លាក់វិញ។ លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងមុខតំណែង ដំបូងគេ ដែលត្រូវបានចាប់ខ្លួន នៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម ក្រោមហេតុផលបះបោរ។

អំឡុងពេលមានវត្តមាន ក្នុងសនវនាការ លោក Yoon បានប្រាប់ចៅក្រមថា «ខ្ញុំនឹងឆ្លើយតបនឹងសំណួរ​ ឬ ផ្តល់ការកត់សម្គាល់បន្ថែមទៀត ប្រសិនបើចាំបាច់»។ នៅពេលដែលត្រូវបានសាកសួរថា តើលោកបានណែនាំមេបញ្ជាការយោធាកំពូល បង្ខំឲ្យសមាជិកសភា ចាកចេញពីសភា ដើម្បីរារាំងពួកគេ មិនឱ្យបោះឆ្នោតទម្លាក់ក្រឹត្យច្បាប់អាជ្ញាសឹក មែនឬទេ? លោក Yoon បានប្រាប់ចៅក្រមវិញថា «អត់ទេ»។

អ្នកនាំពាក្យតុលាការបានប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកច្បាប់របស់ Yoon បានស្នើសុំហៅ «បុគ្គលយ៉ាងហោចណាស់ ២៤ នាក់» ធ្វើជាសាក្សី រួមទាំង មន្ត្រីពាក់ព័ន្ធនឹងការបោះឆ្នោតផងដែរ។ លោក Yoon ត្រូវបានឃុំខ្លួន នៅក្នុងមន្ទីរឃុំឃាំង រង់ចាំការស៊ើបអង្កេតឧក្រិដ្ឋកម្មបន្ត។ ក្រុមអ្នកច្បាប់របស់ Yoon បាននិយាយថា លោកចង់បង្ហាញខ្លួនដោយផ្ទាល់ ដើម្បីពន្យល់ពីកាលៈទេសៈ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner