សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចស្រ្តី ប្រទេសហ្វីលីពីន ដែលបានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន (Women Business Council of the Philippines) ដឹកនាំដោយលោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល(Rosemarie P.Rafael) ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍ ដំណើរទស្សនរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅកម្ពុជា ក្នុងការពិនិត្យសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង ពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងមានការយោគយល់គ្នាកាន់តែច្រើនឡើង ។

លោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល បានថ្លែងកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងស្ថាប័ននានារបស់កម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់គណៈប្រតភូសហគ្រិនស្រ្តីហ្វីលីពីន ។

សមាជិកគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ មានមកពីវិស័យជាច្រើនដូចជា វិស័យកសិកម្ម អាកាសចរណ៍ ទេសចរណ៍ យានយន្ត អប់រំ សុខាភិបាល ដឹកជញ្ជូន និងឡូជីស្ទីក ផ្នែកសេវាកម្មក្នុងវិស័យទេសចរណ៍ និងគ្រឿងសង្ហារឹមជាដើម។

សម្តេចរដ្ឋសភាធិបតី បញ្ជាក់ថា ប្រទេសកម្ពុជា និងហ្វីលីពីន នៅមានសក្តានុពលជាច្រើនទៀត ដែលត្រូវសិក្សារួមគ្នា បង្កើនកិច្ចសហការគ្នាក្នុងការវិនិយោគ ទំាងការនាំចេញនាំចូល ក៏ដូចជានៅលើវិស័យនានា មានដូចជាស្រូវអង្ករ វិស័យអប់រំ សុខាភិបាលជាដើមនោះ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មិនខុសពីរាជរដ្ឋាភិបាល រដ្ឋសភាកម្ពុជា គាំទ្រពេញទំហឹង ចំពោះការវិនិយោគរបស់ធុរជន ពិសេសសហគ្រិនស្រ្តី នៃប្រទេសទាំងពីរ។ កម្ពុជាមានច្បាប់ និង គោលនយោបាយជាច្រើននៅក្នុងការលើកទឹកចិត្ត ការពារផលប្រយោជន៍អ្នកវិនិយោគបរទេស។ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជននិងចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះតួនាទី សមិទ្ធផល និងស្នាដៃសំខាន់ៗ ដែលក្រុមប្រឹក្សាធុរកិច្ចស្រ្តីនៃប្រទេសហ្វីលីពីនសម្រេចបាន នាពេលកន្លងមក ជាពិសេស គឺបាននាំមុខគេក្នុងការលើកម្ពស់សំឡេងរបស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម និងផ្តល់ភាពអង់អាចដល់ស្រ្តីនៅហ្វីលីពីន។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានចែករំលែកអំពីអំពីវប្បធម៌ប្រពៃណីរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ ។ កម្ពុជា ជាសង្គមមាតាធិបតេយ្យ ដោយយកស្រ្តីជាធំ ដែលបានឆ្លុះបញ្ចាំង តាមរយៈការប្រើប្រាស់ពាក្យពេចន៍ ជាផ្លូវការនិងក្រៅផ្លូវការ ដូចជាមេស្រុក មេឃុំ មេគ្រួសារ ជាដើម ។

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី និងសមភាពយេនឌ័រ និងបានលើកទឹកចិត្តយ៉ាងខ្លាំងទៅដល់ភាគីពាក់ព័ន្ធ ទាំងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យប្រកាន់យកគោលនយោបាយ និងថវិកា ដោយឆ្លើយតបទៅនឹងយេនឌ័រ ។

គោលនយោបាយនេះ ក៏ជាតម្រូវការបន្ទាន់ សម្រាប់ការគាំទ្រដ៏រឹងមាំបន្ថែមទៀតសម្រាប់សហគ្រិនស្ត្រីផងដែរ។ ជាមួយគ្នានេះ រដ្ឋសភាបានបង្កើតយន្តការសំខាន់នានា ដូចជា អ្នកនយោបាយសភាស្រ្តី (Women Parliamentarians Caucus) និងគំនិតផ្តួចផ្តើម #Girl2Leader ដើម្បីជំរុញការផ្តល់ភាពអង់អាចដល់ស្ត្រី និងសមភាពយេនឌ័រ បន្ថែមទៀតផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner