អភិបាលខេត្តកែប រំលឹកមន្រ្តីមន្ទីរអប់រំ និងអ្នកពាក់ព័ន្ធបន្តពិនិត្យ​គុណភាព​ចំណីអាហារគ្រប់សាលារៀន

កែប៖​ ការការពារសុខភាពកុមារ ឱ្យមានការលូតលាស់ល្អជា​រឿងចាំបាច់​ដែល​អ្នកពាក់ព័ន្ធត្រូវគិតគូរ ក្នុងដំណាក់កាលដំបូង​នៃការចូលរៀនរបស់កុមារ ដែលត្រូវយកចិត្តទុកដាក់ ក្រៅពីបំពាក់បំប៉ននូវចំណេះដឹងដល់ពួកគេ បញ្ហា​សុខភាពរឹត​តែ​សំខាន់ថែមទៀត ។ដូចនេះមន្រ្តីនៃមន្ទីរអប់រំ និងអាជ្ញាធរដែនដី ត្រូវបន្តត្រួតពិនិត្យការលក់ដូរចំណីអាហារទាំងក្នុង និង​ក្រៅសាលា ជាពិសេស​ហាមដាច់ខាតការលក់ភេសជ្ជៈផ្អែមដល់កុមារតែម្តង។

នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋអភិបាលខេត្តកែប  ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃ​ការងារ​មន្ទីរអប់រំ យុវជន និងកីឡា​ខេត្តកែប ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៤-២០២៥ នៅសាលប្រជុំមន្ទីរ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបានរំលឹកក្នុងឱកាសបើកកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្រ្តី អាណត្តិ​ទី៧នៃរដ្ឋសភា សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បាន​ដាក់ចេញនូវវិធានការគន្លឺះ៤ ក្នុងគោលដៅពង្រឹងគុណភាព​គ្រឹះស្ថានសិក្សា​រដ្ឋ​ចាប់​ពីមត្តេយ្យ​សិក្សាដល់មធ្យមសិក្សា ។ក្នុងនោះចំណុចទី៣ គឺការយកចិត្តទុក​ដាក់ដល់សុខភាពរបស់សិស្ស តាមរយៈកម្មវិធី​អាហារូបត្ថម្ភដល់កុមារនិងការ​ត្រួត​ពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។

យោងរបាយការណ៍របស់ លោក ងួន ច័ន្ទសុជាតា  ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកែប បានឱ្យដឹង​ថា  ឆ្នាំសិក្សា​២០២៣-២០២៤ នៅទូទាំងខេត្ត មានថ្នាក់មត្តេយ្យចំនួន ២៥កន្លែង និងថ្នាក់រៀនសរុបចំនួន ៥៨ថ្នាក់ ទទួលបាន​កុមារ​អាយុ៣ឆ្នាំ ដល់៥ឆ្នាំឱ្យទទួលសេវាអប់រំកុមារតូចគ្រប់រូបភាពសរុបចំនួន ១ ៦០៨នាក់ (ស្រី៧៥០នាក់)។ កុមារអាយុ ៣ឆ្នាំ បានចូលរៀន មាន១៦,៦៧​ភាគរយ ,កុមារអាយុ ៤ឆ្នាំ បានចូលរៀនមាន ៦៣,៣៣ភាគរយ និងកុមារអាយុ​៥ឆ្នាំ ចូលរៀនមាន ៧៧,១២ភាគរយ ក្នុងនោះកុមារអាយុ៥ឆ្នាំ បានចូលរៀន​ថ្នាក់ទី១ សរុបចំនួន ៦៨៦នាក់ (ស្រី ៣៣០នាក់) ស្មើនឹង ១០០ភាគរយ៕
ដោយ៖ សិលា សារិន

ads banner