ម៉ិកស៊ិកត្រៀមទទួលជនអន្តោប្រវេសន៍រាប់សែននាក់ និរទេសពីអាមេរិក

បរទេស ៖ កងទ័ពជើងទឹកនៃប្រទេស ម៉ិកស៊ិក បានដំឡើងជម្រកបណ្តោះអាសន្ន នៅទីលានកីឡា ក្នុងទីក្រុងព្រំដែន Matamoros ខណៈដែលប្រធានាធិបតីអាមេរិក Donald Trump ប្តេជ្ញានិរទេសជនអន្តោប្រវេសន៍ គ្មានឯកសារ រាប់សែននាក់។

យោងតាមកងទ័ពជើងទឹក បានឱ្យដឹងថា ជម្រកនេះ កំពុងត្រូវបានសាងសង់ ជាពិសេស សម្រាប់ជនជាតិម៉ិកស៊ិក ដែលនៅទីបំផុត អាចត្រូវបាននិរទេស ចេញពីទឹកដីសហរដ្ឋអាមេរិក។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ ហៅកាត់ Pew ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា មានជនអន្តោប្រវេសន៍ម៉ិកស៊ិក ដែលមិនមានការអនុញ្ញាត មានប្រមាណ ៤លាននាក់ កំពុងមានវត្តមាន នៅសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ២០២២។

អាជ្ញាធរនៅទីនោះ នឹងផ្តល់ឱ្យជនជាតិម៉ិកស៊ិក នូវអាហារ កន្លែងស្នាក់នៅ ការថែទាំសុខភាព និងជួយពួកគេ ឱ្យទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ។ រដ្ឋាភិបាលក៏ត្រៀមរថយន្តក្រុង សម្រាប់ដឹកប្រជាជនម៉ិកស៊ិក ចាកចេញពីមជ្ឈមណ្ឌលទទួល ឱ្យត្រលប់ទៅស្រុកកំណើតវិញ ផងដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះ លោក Donald Trump បានប្តេជ្ញា អនុវត្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ ដ៏ច្រើនសម្បើម មិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្រ្តអាមេរិក ហើយ លោកថែមទាំងទើបតែបានចេញបញ្ជា ឲ្យបញ្ជូនទាហាន ១,៥០០នាក់ បន្ថែម ទៅកាន់តំបន់ព្រំដែនអាមេរិក-ម៉ិកស៊ីក ទៀតផង ខណៈដែលនៅទីនោះ មានវត្តមានយោធាអាមេរិក ប្រមាណ ២,៥០០ រួចមកហើយនោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner