បេក្ខជន ២២៤នាក់ ប្រឡងជាប់មន្រ្តីពន្ធដារ នឹងត្រូវបន្តបណ្តុះបណ្តាលលើជំនាញពន្ធដារក្រមសីលធម៌មុនពេលបំពេញការងារ

(ភ្នំពេញ)៖ ក្រោយពេលប្រឡងធ្វើតេសសមត្ថភាពរយៈពេល ៣ដងក្នុងនោះ វិញ្ញាសារសរសេរលើកទី១ និងជម្រុះមកប្រឡងលើវិញ្ញាសរសេរលើកទី២ ចុងក្រោយគឺ ប្រឡងនៅវគ្គទី៣ សម្ភាសន៍បេក្ខជនផ្ទាល់មាត់ចំនួន ៣៦១នាក់ រយៈពេល ២ថ្ងៃ គឺថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ ជាលទ្ធក្រសួងមុខងារសាធារណៈ ជ្រើសរើស បានបេក្ខជនចំនួន ២២៤នាក់ ក្នុងនោះស្រ្តីចំនួន ១១៦នាក់ ដែលមានសមត្ថភាពជំនាញ ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង កាលពីរាត្រីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានចុះហត្ថលេខា លើឯកសារប្រកាសលទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលស្ថិតក្រោមការឃ្លាំមើលពីតំណាងក្រសួង សេដ្ឋកិច្ច,តំណាងអគ្គនាយកដ្ឋានពន្ធដារនិងមន្ត្រីតំណាងអង្គភាពប្រឆាំងអំពើពុក រលួយ រួមទាំងអ្នកសង្កេតការណ៍ជាច្រើនរូប ។

ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ជាមួយអ្នកសារព័ត៌មានកាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ឱ្យដឹងថា ដំណើរការនៃការរៀបចំការប្រឡងរបស់គណកម្មការ គឺប្រព្រឹត្តទៅមានលក្ខណៈល្អ ដោយបានជ្រើសរើសបេក្ខជន ប្រកបដោយសមត្ថភាព និងមានទាំងឥរិយាបថនៅក្នុងការបំពេញការងារជាអ្នកផ្តល់សេវា ដល់អ្នកជាប់ពន្ធអនុឡោមទៅតាមច្បាប់ដែលបានកំណត់។

ឯកឧត្តម បន្ថែមថា នៅក្រោយពេលដែលបានធ្វើការប្រឡងជ្រើសរសើបេក្ខជនមកបំពេញការងារ គឺត្រូវមានកម្មវិធីបណ្តុះបណ្តាលបន្ត ទាំងក្រមសីលធម៌ ទាំងជំនាញវិជ្ជាជីវៈពន្ធដារ បទបញ្ញាត្តិពន្ធដារ ប្រភេទពន្ធទាំងអស់ រយៈពេល៣ទៅ៤ខែ ទៅតាមពេលវេលាជាក់ស្តែង។

សូមបញ្ជាក់ថា មិនថាការប្រឡងប្រជែង ត្រូវបានរៀបចំជាច្រើនលើកច្រើនសារ ឬច្រើនដំណាក់ កាលយ៉ាងណាក្តីក៏គណៈកម្មការរៀបចំការប្រឡងប្រជែង បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត តាមគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាពដែលបានកំណត់ស្របជា មួយ និយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងជាពិសេសស្របតាមអនុសាសន៍ ដ៏ខ្ពងខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner