ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ណែនាំ ឱ្យអាជ្ញាធររាជធានី​ភ្នំពេញ ផ្តោតយកចិត្ត ទុកដាក់ ទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់នូវអាយុជីវិតប្រជាពលរដ្ឋ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ ឱ្យអាជ្ញាធររាជធានីភ្នំពេញ ផ្តោតយកចិត្តទុកដាក់ ទប់ស្កាត់ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់នូវអាយុជីវិតប្រជាពលរដ្ឋ ខណៈគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នកាន់តែសាហាវជាងមុន និងឱ្យផ្តោតយកចិត្តទុកដាក់កិច្ចការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាពិសេសលើចិញ្ចើមផ្លូវគ្រប់ខណ្ឌទាំង១៤ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខាភ្នំពេញ ។

បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានបន្តកើតឡើងជារៀងរាល់ថ្ងៃ និងបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ។ តាមការវាយតម្លៃផ្ទាល់របស់ ឯកឧត្ដម បច្ចុប្បន្ននេះ បរាជ័យភាគច្រើន គឺដោយសារចំនួនអ្នកស្លាប់ប្រចាំថ្ងៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ។

ជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងថ្មីៗនេះ លើផ្លូវ ៦០ម៉ែត្រ ដែលមាន ២ ទៅ ៣ករណី ហើយបង្កឱ្យមានអ្នករបួស និងអ្នកបាត់បង់ជីវិតផងដែរ ។ ការស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋ ដែលបង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៍ទៀតសោត ឯកឧត្តម ស សុខា ចាត់ទុកថា ជាការបំផ្លិតបំផ្លាញនូវធនធានមនុស្ស ដែលផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចង់បាន ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរាយការណ៍ពីដំណើរការ នៃអង្គសន្និបាតដែលមានអ្នកចូលរួមជាង ១០០០នាក់ ហើយក្នុងដំណើរការ នៃអង្គសន្និបាត ២ថ្ងៃនេះបានលើកឡើងពីរបាយការណ៍ឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០២៥ និងបានលើកយកប្រធានបទចំនួន៦ មកពិភាក្សា។ អង្គសន្និបាតបានពិនិត្យឃើញថា បញ្ហាប្រឈមសំខាន់លើប្រធានបទ គឺពាក់ព័ន្ធនឹងកត្តាមនុស្ស និងផលប្រយោជន៍ឯកជន ដូច្នេះវិការធានការចំពោះមុខ ដែលត្រូវរួមគ្នាអនុវត្ត គឺបន្តខិតខំផ្សព្វផ្សាយ និងរឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក លើកទឹកចិត្តឱ្យមានការរៀបចំ ចំណតសាធារណៈ បន្តខិតខំអនុវត្តហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចំនួន៣ ទន្ទឹមគ្នា គឺសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់អ្នកលក់ដូរ ។

ឯកឧត្ដមអភិបាលរាជធានីបានគូសបញ្ជាក់ដែរថា ចំពោះមុខទោះបីកិច្ចការងារនេះ មានភាពស្មុគស្មាញ និងត្រូវប្រឈមមុខ នឹងផលប្រយោជន៍ ឯកជនរបស់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម អង្គភាព និងវិស័យឯកជនមួយចំនួនក្តី ប៉ុន្តែជាច្ឆន្ទៈ និងជាជំហរដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវតែអនុវត្តកិច្ចការងារនេះ ដោយឥតរាថយ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner