ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្រទាំងអស់ផ្តោតលើ “ការកសាងមូលធនមនុស្សឌីជីថល”
(តាកែវ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា បច្ចេកវិទ្យាឌីជីថលមានការវិវត្តយ៉ាងលឿននៅលើពិភពលោក គ្រប់ប្រទេសទាំងអស់ កំពុងតែប្រឹងប្រែងយ៉ាងសកម្មលើកិច្ចការនេះ ក្នុងការបង្កើនការអភិវឌ្ឍន៍លើគ្រប់វិស័យដើម្បីភាពសុខដុមរមនា របស់សង្គមរៀងៗខ្លួន ។
ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោ បាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ហើយយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្រទាំងអស់ផ្តោតលើ “ការកសាងមូលធនមនុស្សឌីជីថល” ដែលជាធនធានក្នុងការជំរុញដល់ការចាប់យកឌីជីថលលើគ្រប់វិស័យ សំដៅប្រែ ក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ លើកឡើងនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីចែកសញ្ញាបត្រ និងបើកបវេសនកាលឆ្នាំសិក្សា២០២៤ ២០២៥ នៅវិទ្យាស្ថានសន្តប៉ូល ស្ថិតនៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍បន្តថា ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពទី១នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតជាពិសេស លើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់សុខភាពនិងសុខមាលភាពប្រជាជន ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀង និងការពង្រឹងភាពជាពលរដ្ឋ ដែល មានអារយ្យធម៌ខ្ពស់ ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន។ គោលដៅរបស់រាជរដ្ឋាភិបាល គឺកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួលខុសត្រូវ។
ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកវិស័យឌីជីថល ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ មានការទទួលខុសត្រូវខ្ពស់ចំពោះការជំរុញបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការចាប់យក ឌីជីថលក្នុងចំណោមក្រសួងស្ថាប័ន វិស័យឯកជន និងសង្គមជាតិទាំងមូល។ ហេតុដូច្នេះហើយ បន្ថែមលើការងារអាទិភាពជាច្រើនដែលក្រសួងបានដាក់ចេញកន្លងមក ក្រសួងបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់មួយផងដែរទៅលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថលផងដែរ ដើម្បីពង្រឹងសមត្ថភាព សិស្ស-និស្សិត ចាប់តាំងពីថ្នាក់បឋមសិក្សា ដល់ឧត្តមសិក្សា ឱ្យចាប់អារម្មណ៍វិស័យ និង/ឬជ្រើសរើស ជំនាញឌីជីថលនេះជាយានឆ្ពោះទៅអាជីពការងារ នាពេលអនាគត ។
ឯកឧត្តម ជា វ៉ាន់ដេត បញ្ជាក់ថា កម្មវិធីចែកសញ្ញាបត្រ និងបើកបវេសនកាល ក្នុងថ្ងៃនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញការកសាងធនធាននុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេសធនធានមនុស្សឌីជីថល ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងជំរុញដល់ក្មួយៗដែលបានចូលរួម អាចពង្រឹងជំនាញវិជ្ជាជីវៈនិងអាជីពរបស់ខ្លួន ហើយពិធីនៅថ្ងៃនេះ គឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្មួយៗជាទីមោទន។ ទន្ទឹមនឹងនេះ ក្មួយៗទាំងអស់គ្នាត្រូវចងចាំថា ក្មួយៗជាអនាគតនិងសសរទ្រូងនៃមាតុភូមិកម្ពុជា ដែលអាចក្លាយជាចំណែកមួយនៃការប្រែក្លាយកម្ពុជាទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា