គណបក្សប្រជាជនកម្ពុជាក្រុងសៀមរាបបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០២៥
សៀមរាប៖គណបក្សប្រជាជនកម្ពុជាក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥បានប្រជុំបូកសរុបលទ្ធផលការងារបក្សប្រចាំឆ្នាំ២០២៤និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងសៀមរាប ឧញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប លោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការគណបក្សក្រុងសៀមរាប ។

ក្នុងកិច្ចប្រជុំនៅសាលប្រជុំគណបក្សខេត្តសៀមរាបឯកឧត្តម ឥត សារ៉ាត់ បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប, ឯកឧត្តម ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប ជូនចំពោះសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងសៀមរាប ។

ឯកឧត្តម ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនៅឆ្នាំ២០២៥ និងផ្តល់នូវទិសដៅការងារដែលត្រូវអនុវត្តបន្ត ក្នុងនោះត្រូវយកចិត្តទុកដាក់ជាចម្បងលើការងារអប់រំសតិអារម្មណ៍ឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តរាល់គោលនយោបាយរបស់គណបក្សនិងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះឯកឧត្តម ឥត សារ៉ាត់ បានប្រគល់កុំព្យូទ័រចំនួន ១៣ គ្រឿងជូនដល់ចៅសង្កាត់ទាំង១២ សម្រាប់ទុកបម្រើការងាររដ្ឋបាល បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕
ដោយ៖ ប៊ុន រដ្ឋា
