លោក ត្រាំ អូសកក្រុមហ៊ូទីចូលក្នុងបញ្ជី “អង្គការភេរវករបរទេស”
វ៉ាស៊ីនតោន ៖ ក្រុមឧទ្ទាមហ៊ូទី មានមូលដ្ឋាននៅយេម៉ែន ដែលត្រូវបានដកចេញពីបញ្ជីខ្មៅអាមេរិក ក្នុងអំឡុងពេលរដ្ឋបាលលោក បៃដិន តែឥឡូវនេះ ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកំណត់ឡើងវិញ ដោយចាត់ទុកជា “អង្គការភេរវករបរទេស”។
កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការមួយ ដែលណែនាំរដ្ឋមន្រ្តីការបរទេសអាមេរិកឱ្យដាក់របាយការណ៍ទាក់ទងនឹងការចាត់តាំងក្រុមឧទ្ទាមហ៊ូទី ដែលគេស្គាល់ឈ្មោះផ្លូវការថា Ansar Allah ជា “អង្គការភេរវជនបរទេស”។
សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា សកម្មភាពរបស់ក្រុមហ៊ូទី គំរាមកំហែងដល់សន្តិសុខរបស់ជនស៊ីវិល និងបុគ្គលិកអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាសុខសុវត្ថិភាពដៃគូក្នុងតំបន់របស់យើង និងស្ថិរភាពការធ្វើពាណិជ្ជកម្មដែនសមុទ្រពិភពលោក។
តាមរយៈចំណាត់ការនេះ នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងរដ្ឋបាលរបស់លោក ចូ បៃដិន ដែលបានអនុវត្តចំពោះក្រុមដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនេះ ដើម្បីជាការឆ្លើយតបចំពោះការវាយប្រហាររបស់ពួកហ៊ូទី លើការដឹកជញ្ជូនពាណិជ្ជកម្ម នៅសមុទ្រក្រហម និងលើនាវាចម្បាំងអាមេរិកដែលការពារផ្លូវទឹកដ៏សំខាន់នេះ។
ក្រុមហ៊ូទីដែលគ្រប់គ្រងភាគច្រើនលើប្រទេសយេម៉ែន បានធ្វើការវាយប្រហាជាង ១០០លើកលើនាវានានា ដែលធ្វើដំណើរនៅសមុទ្រក្រហម គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអះអាងថា ពួកគេកំពុងធ្វើសកម្មភាព ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ជុំវិញសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា