ឆ្នាំនេះ មេធំ Facebook គ្រោងបណ្តាញបុគ្គលិករាប់ពាន់នាក់ យក AI មកជំនួស
វ៉ាស៊ីនតោន ៖ បើកទំព័រឆ្នាំថ្មី ២០២៥ភ្លាម ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook បានបង្ហើបពីផែនការបណ្តេញបុគ្គលិកដល់ទៅរាប់ពាន់នាក់ ដែលនេះជាផ្នែកមួយនៃការកាត់បន្ថយកម្លាំងការងារ ជំនួសដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ដំណឹងនេះលេចឡើងដោយយោងតាមកិច្ចព្រមព្រៀងផ្ទៃក្នុងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Meta គឺលោក Mark Zuckerberg ហើយត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
នៅក្នុងកិច្ចព្រមព្រៀង ឬអនុស្សរណៈ (Memo) ដែលត្រូវបានរាយការណ៍ថា បានផ្ញើទៅបុគ្គលិករបស់ Meta ទាំងអស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ បានបញ្ជាក់ថា ខ្លួនគ្រោងនឹងកាត់បន្ថយបុគ្គលិកប្រហែល ៥% ដែលខ្លួនចាត់ទុកថា ជាអ្នកធ្វើការមានផលិតភាពទាបបំផុត។
ក្នុងនោះ បុគ្គលិកដែលប្រឈមការបញ្ឈប់ពីការងារ នឹងត្រូវបានជូនដំណឹងនៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ ហើយនឹងទទួលបានការដកចេញដោយសមរម្យ ស្របតាមអ្វីដែលក្រុមហ៊ុនបានផ្តល់ពីមុនផងដែរ។
ចំណាត់ការចុងក្រោយនេះ តំណាងឱ្យការបញ្ឈប់ការងារដ៏ធំបំផុតរបស់ Meta ចាប់តាំងពីក្រុមហ៊ុននេះ បានកាត់បន្ថយបុគ្គលិកចំនួន ២១,០០០នាក់ម្តងហើយ ដែលជិតមួយភាគបួននៃកម្លាំងការងាររបស់ខ្លួនក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ខណៈបច្ចុប្បន្ន មេធំ Facebook នេះ មានបុគ្គលិកច្រើនជាង ៧២,០០០នាក់។ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសចុងក្រោយបំផុតរបស់ខ្លួន៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា