សមិទ្ធផលធំៗជាច្រើន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រយៈពេល ១៧ខែ សមិទ្ធផលធំៗជាច្រើន នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន៖ ព្រលានយន្តហោះ ផ្លូវ ស្ពាន និងកំពង់ផែ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ឆ្លើយតបបានទៅនឹងអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស ការកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន ២ មាន (១) ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឈ និងបន្តធ្វើទំនើបកម្ម ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង(២) ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឲ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន ។
សម្ដេចអាចនិយាយបានថា ក្នុងរយៈពេល ១៧ខែកន្លងមកនេះ យើងបានសម្ពោធសមិទ្ធផលធំៗច្រើន នៅក្នុងវិស័យសាធារណការ មានប្រលានយន្តហោះនៅខេត្តសៀមរាប, ផ្លូវជាតិលេខ៥ ស្ពានឆ្លងកាត់ទន្លេបាសាក់ នៅចក្រអង្រែ កំពង់ផែខេត្តព្រះសីហនុ និងនៅខែកក្កដាខាងមុខនេះ គ្រោងសម្ពោធព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមានសមិទ្ធផលផ្សេងៗជាច្រើនទៀត ។
សម្ដេចធិបតី បានបន្ថែមថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនេះគឺមាននៅតែមានការចាំបាច់ ដរាបណាទំនិញនៅតែបញ្ជូនតាមរថយន្ត និងតាមកប៉ាល់ ដូចនេះការកសាងហេដ្ឋារចនាសម្ព័ន្ធគឺត្រូវតែមានកាប្រទាក់ក្រឡាគ្នា ក្នុងការត្រៀមសម្រាប់ការជួយជំរុញរយៈពេលវែង គឺជាកិច្ចការសំខាន់ ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សមិទ្ធផលដែលក្រសួងបានសម្រេចកន្លងមក បានជួយសម្រួលដល់ការតភ្ជាប់ប្រទាក់ក្រឡាគ្នា លើការធ្វើដំណើរ និងការដឹកជញ្ជូន ថែមទាំងបានចូលរួមលើកម្ពស់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តន៍ភាពថ្មីៗ ដូចជាការចូលរួមទាក់ទាញវិនិយោគផ្ទាល់ និងទេសចរពីបរទេសដើម្បីប្រែចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ