កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពត នឹងសម្ពោធជាផ្លូវការនាដើមខែមេសា ដែលនឹងតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូប្រកបដោយភាពប្រទាក់ក្រឡា
(ភ្នំពេញ)៖ កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពត នឹងសម្ពោធជាផ្លូវការ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ដែលនឹងក្លាយជាមធ្យោបាយតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូនប្រកបដោយភាពប្រទាក់ក្រឡា ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។
សម្ដេចធិបតី បន្តថា កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពតទទួលបានជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មួយនេះ ឃើញមានការចាប់អារម្មណ៍ច្រើន, កាលពីពេលបើកការដ្ឋានព្រែកហ្វូណនតេជោ មានអ្នកចេញមកសួរថា កំពង់ផែទេសចរណ៍អន្តរជាតិនៅកំពតទុកចោលឬយ៉ាងម៉េច, ចម្លើយ គឺអត់ទុកចោលទេ គឺកំពុងដំណើរកសាងទៅមុខ ដែលជាកត្តាថាមពល និងសហថាមពលសម្រាប់តភ្ជាប់ ។
សម្ដេច ថា ដរាបណាទំនិញនៅតែត្រូវបានបញ្ជូនតាមរថយន្ត ការកសាងហេរដ្ឋារចនាសម្ពន្ធផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសនៅតែបន្តអនុវត្ត និងនៅតែត្រូវការប្រើប្រាស់រាប់រយឆ្នាំតទៅមុខ ដូច្នេះការកសាងនូវហេដ្ឋារចនាសម្ពន្ធប្រទាក់ក្រឡាក្នុងការត្រៀមជួយជំរុញរយៈពេលវែង គឺជាការណ៍សំខាន់។
សម្ដេចនាយករដ្ឋមន្ត្រី បានកោតសរសើរសមិទ្ធផលដែលក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបានកន្លងមក ដែលបានជួយសម្រួលដល់ការតភ្ជាប់ប្រទាក់ក្រឡា ការធ្វើដំណើរ និងការដឹកជញ្ជូន ព្រមទាំងចូលរួមការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗ ដូចជា ការរួមទាក់ទាញវិនិយោគផ្ទាល់ និងទេសចរពីបរទេស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
សូមជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានសាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០១៨ និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ អាចតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់រវាងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក៏ដូចជាតភ្ជាប់ផ្លូវទស្សនាចរសមុទ្រជាមួយបណ្ដាកំពង់ផែទេសចរណ៍នៅកោះត្រល់ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល ។
ដោយឡែក កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាដៃគូវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ បានបើកដំណើរការសាកល្បងនូវសេវាកម្មរបស់ខ្លួន ក្នុងនោះ គេឃើញមាននាវាទេសចរណ៍មួយគ្រឿង ជាមួយវត្តមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ១០០នាក់ បានចូលចតដោយជោគជ័យ និងសុវត្ថិភាព បន្ទាប់ពីធ្វើដំណើរចេញពីកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម ហើយបានបន្តទៅកាន់កោះរ៉ុង ខេត្តព្រះសីហនុ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ