អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ៖ ក្នុងខែមករា មានពាក្យប្តឹង២៤ និងបានបញ្ជូនសំណុំរឿងចំនួន ២ករណី ដែលមានជនសង្ស័យ ៣នាក់ទៅតុលាការ
(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងខែមករានេះអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែមករានេះ សរុប ចំនួន ២៤ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ០២ ករណី ដែលមានជនសង្ស័យ ៣នាក់ ទៅតុលាការដែលក្នុងនេះពាក់ព័ន្ធនឹងគ្រឿងញៀន ករណីទទួលសំណូកពីអ្នកបើកវង់ល្បែងជល់មាន់ ជាដើម។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី៤៣ អាណត្តិទី៣ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តម សយ ច័ន្ទ វិចិត្រ មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ក្នុងខែមករានេះអង្គភាពប្រឆាំងអំពើពុករលួយបាន បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមបណ្តឹងរបស់កងរាជអាវុធហត្ថ ករណីវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៊ិន សុវណ្ណារិទ្ធ ជំនួយការមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ទទួលសំណូកក្នុងរយៈពេលជាង២ឆ្នាំ ពីអ្នកលក់គ្រឿងញៀន (និងមាន១ករណី ទៀតទទួលសំណូកពីអ្នកបើកវង់ល្បែងជល់មាន់)។
ជនជាប់សង្ស័យរូបនេះបានប្រព្រឹត្តិដោយថ្នូរមិនចាប់ពួកលក់ថ្នាំញៀន ពេលសមត្ថកិច្ចផ្សេងទៀត ចុះចាប់អ្នកលក់គ្រឿងញៀន ខ្លួនលួចផ្តល់ដំណឹងឲ្យអ្នកលក់គ្រឿងញៀនគេចខ្លួន និងបទល្មើស ១ផ្សេងទៀត (ប្រើប្រាស់រថយន្តមិនបង់ពន្ធ ហើយពាក់ផ្លាកលេខរថយន្តក្លែងក្លាយ)។
មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានឱ្យដឹងបន្ថែមថា៖ក្រៅពីនេះគេក៏បានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ពីករណីវរៈសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងបទ ល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ ដែលទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀន ៤ឆ្នាំ ជាថ្នូរនឹងការមិនចាប់ការលក់ដូរគ្រឿងញៀន មិនចាប់អ្នកលក់គ្រឿងញៀន ដែលមានដីការចាប់ខ្លួនពីតុលាការ កែសំណុំរឿងជួញដូរគ្រឿងញៀនពីធ្ងន់មកស្រាល ពីអ្នកជួញដូរគ្រឿងញៀនមកជាអ្នកប្រើប្រាស់គ្រឿងញៀនពេលអនុវត្តច្បាប់តាមគោលដៅចរាចរណ៍ បើរកឃើញអ្នកមានផ្ទុកសារធាតុញៀនក្នុងទឹកនោមបែរជាទារលុយ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា”ក្រៅពីបទស៊ីសំណូក សុខ សង្ហា ក៏មានបទល្មើសរំលោភអំណាច បំបាត់ចោលវត្ថុតាង (គ្រឿងញៀន) មិនគោរពនីតិវិធីច្បាប់ គ្មានសុំការអនុញាត្តពីស្ថាប័នអយ្យការ ហើយប្រព្រឹត្តិបំពានក្នុងការកសាងកូនខ្លា (កម្លាំងសម្ងាត់/ភ្នាក់ងារផ្តល់ព័ត៌មាន) “។
គួររំលឹកថា បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តតាកែវកាលពីថ្ងៃទី២០ មករា ឆ្នាំ២០២៥ បានឲ្យដឹងដែរថា ការសម្រេចឃុំខ្លួនលោក សុខ សង្ហា ដែលមានតួនាទីជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវធ្វើឡើង ក្រោយបុគ្គលរូបនេះបានប្រព្រឹត្តបទល្មើសស៊ីសំណូក និងរំលោភអំណាចនៅចំណុចភូមិសាស្ត្រខេត្តតាកែវពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៤។
ដោយឡែកទាក់ទិនការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល វិញ ត្រូវបានឯកឧត្តម សយ ច័ន្ទ វិចិត្រ មន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងផងដែរថា៖គិតមកដល់ជិតថ្ងៃបញ្ចប់នេះមន្ត្រីចំនួន នួន ២២.៥៣៤រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះការប្រកាសតាមរបប០២ ឆ្នាំ (២០២៥) មានចំនួន ២២.២៩២រូប គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ (រយៈពេល២៧ថ្ងៃ) ស្មើនឹង ៩៧,៨៧ភាគរយ និងមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១១១ រូប ដោយឡែកមន្ត្រី១៣១រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុ បញ្ឈប់ពីមុខតំណែង លាឈប់និងចូលនិវត្តន៍ ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ហេង សម្បត្តិ








