អ្នកលក់គ្រឿងសមុទ្រនៅខេត្តកំពតអះអាងថា មិនមានការដំឡើងថ្លៃទេ​ក្នុងឱកាសបុណ្យ​ចូលឆ្នាំចិន

កំពត៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងសប្ដាហ៍នេះ ប្រជានេសាទខេត្តកំពតចេញទៅនេសាទជាធម្មតា​ខណៈ​ដែលអាជីវករ​លក់គ្រឿងសមុទ្រអះអាងថា ទោះថ្ងៃបុណ្យទានណាក៏ដោយ ក៏គ្រឿងសមុទ្រមិនដំឡើងថ្លៃទេ តែក្នុងករណី​គ្រឿង​សមុទ្រ​មានតិច អាចឡើងថ្លៃបន្តិចបន្តួច ដើម្បីរួចថ្លៃប្រេងរបស់អ្នកនេសាទ។

ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែមករា ដែលជាថ្ងៃសែនបុណ្យចូលឆ្នាំចិន អ្នកនេសាទនៅភូមិដូនតោក សង្កាត់ ត្រើយកោះ ក្រុងកំពត បាននិយាយថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន អ្នកភូមិគាត់​ចេញទៅ​នេសាទ ជាធម្មតា មិនឈប់សម្រាកទេ។ ផលនេសាទមិនទៀងទាត់ទេ ថ្ងៃខ្លះអាកាសធាតុល្អ រកគ្រឿងសមុទ្របានច្រើន ។ថ្ងៃ​ខ្លះក៏រកមិនសូវបាន ។ប៉ុន្តែជាទូទៅក្នុងមួយថ្ងៃ កូនដៃទូក(អ្នកស៊ីឈ្នួលនេសាទគេ)អាចរកចំណូលបានពី ៤ទៅ​៥ម៉ឺនរៀល ក្រោយទូទាត់ថ្លៃចំណាយផ្សេងៗ។

ចំណែកលក់ដូរគ្រឿងសមុទ្រនៅផែនេសាទកំពង់កណ្តាល និងផ្សារសាមគ្គីទីរួមខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពត​​​រយៈ​ពេលចុងក្រោយនេះ មានភ្ញៀវទេសចរមកលេងច្រើន ធ្វើឱ្យតម្រូវការគ្រឿងសមុទ្រកើនឡើង ។ប៉ុន្តែអាជីវករមិន​បាន​ដំឡើង​ថ្លៃនោះទេ  តែក្នុងករណីអ្នកនេសាទរកគ្រឿងសមុទ្របានតិច នោះទើបតម្លៃគ្រឿង​សមុទ្រអាចឡើង​ថ្លៃបន្តិចបន្តួច ដើម្បីឱ្យរួចថ្លៃប្រេងរបស់អ្នកនេសាទ។

សូមជម្រាបថា ខេត្តកំពត ដោយមានការយកចិត្តទុកដាក់ និងការណែនាំពីឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន ,មន្ត្រីជំនាញ និងអាជ្ញាធរក្រុង ស្រុក តែងតែបានចុះទៅណែនាំដល់អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ផ្សេងៗទូទាំងខេត្ត មិនឱ្យ​មានការ​ដំឡើង​ថ្លៃនោះទេ ពិសេសនៅថ្ងៃបុណ្យទានផ្សេងៗ។ ដោយសារចំណុចល្អនេះ បានធ្វើឱ្យខេត្តកំពតកាន់តែមាន​ប្រជាប្រិយ​ភាព និងទាក់ទាញទេសចរកាន់តែច្រើន៕
ដោយ៖ សិលា សារិន

ads banner