Hezbollah សរសើរជំហរបារាំង លើបទឈប់បាញ់

បរទេស ៖ មេដឹកនាំក្រុម Hezbollah លោក Naim Qassem កាលពីថ្ងៃចន្ទ បានកោតសរសើរប្រទេសបារាំង ចំពោះជំហររឹងមាំរបស់ខ្លួន លើកិច្ចព្រមព្រៀងឈប់បាញ់ រវាងលីបង់ និងអ៊ីស្រាអែល នាពេលថ្មីៗនេះ។

សហរដ្ឋអាមេរិក និង បារាំងគឺជាផ្នែកសំខាន់ នៃយន្តការដោះស្រាយ រាល់ការរំលោភបទឈប់បាញ់ ណាមួយ។ លោក Qassem បានអំពាវនាវឱ្យមានសម្ពាធ លើអ៊ីស្រាអែល ដើម្បីប្រកាន់ខ្ជាប់នូវលក្ខខណ្ឌដើម នៃកិច្ចព្រមព្រៀងនេះ ហើយបានសាទរចំពោះការអំពាវនាវ របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron មុនពេលការបន្តចុងក្រោយបង្អស់។ ការិយាល័យរបស់លោក Macron កាលពីថ្ងៃសៅរ៍ បាននិយាយថា លោកបានអំពាវនាវឱ្យភាគីទាំងអស់ គោរពការប្តេជ្ញាចិត្ត ចំពោះបទឈប់បាញ់ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

លោក Hilal Khashan សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យអាមេរិកាំង Beirut បាននិយាយថា លោកមិនគិតថា នឹងមានអំពើហឹង្សាធំត្រឡប់មកវិញនោះទេ ព្រោះថា ក្រុមហេសបូឡា លែងចង់បានការប្រឈមមុខដាក់គ្នា ជាមួយអ៊ីស្រាអែលទៀតហើយ ដោយ គោលដៅរបស់ពួកគេ គឺ ដើម្បីការពារសមិទ្ធផលរបស់ខ្លួន នៅក្នុងប្រទេសលីបង់ ។

យ៉ាងណាមិញ អ្នកនាំពាក្យយោធាអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានអំពាវនាវម្តងទៀត ឱ្យប្រជាជនលីបង់ ភាគខាងត្បូង «រង់ចាំសិន» មុនពេលត្រឡប់ទៅផ្ទះវិញ ខណៈដែលពួកគេស្ថិតក្នុងជំរុំភៀសខ្លួន នៅឡើយ។

ប្រភពស្និទ្ធនឹងក្រុមហេសបូឡា បានប្រាប់ AFP ថា «អ្នកប្រយុទ្ធ៧នាក់ មកពីក្រុមហេសបូឡា ត្រូវបានចាប់ដាក់គុក ដោយអ៊ីស្រាអែល មុនពេលបទឈប់បាញ់ ខណៈដែលមនុស្ស ៤ នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួន ដោយយោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ នៅក្នុងភូមិព្រំដែនលីបង់ ភាគខាងត្បូង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner