ឆេះយន្តហោះមួយគ្រឿងនៅកូរ៉េខាងត្បូង សំណាងល្អ អ្នកដំណើរត្រូវជម្លៀសទាន់ពេល
សេអ៊ូល ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវបានភ្លើងឆាបឆេះនៅឯអាកាសយានដ្ឋានអន្តរជាតិមួយក្នុងទីក្រុងប៊ូសាន ភាគអាគ្នេយ៍ កាលពីថ្ងៃអង្គារ បណ្តាលឲ្យមនុស្ស ៤នាក់រងរបួស ខណៈអ្នកដំណើរដទៃទៀតត្រូវបានជម្លៀសដោយសុវត្ថិភាព។
អាជ្ញាធរពន្លត់អគ្គីភ័យបាននិយាយថា យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Air Busan ដែលជាប្រភេទយន្តហោះ Airbus A321-200 បានធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ចេញពីព្រលានអន្តរជាតិ Gimhae ក្នុងទីក្រុង Busan មានចម្ងាយប្រហែល ៣២០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ត្រូវភ្លើងឆាបឆេះនៅកន្ទុយរបស់វា ហើយបានរាលដាលដល់តួយន្តហោះ មុនពេលវាហោះឡើងនៅម៉ោងប្រហែល ១០និង២៦យប់ថ្ងៃអង្គារ។
អាជ្ញាធរពន្លត់អគ្គីភ័យបានបន្ថែមថា អ្នកដំណើរនៅលើយន្តហោះនោះទាំងអស់ ១៦៩នាក់ អ្នកបម្រើការងារលើយន្តហោះ ៦នាក់ និងបុគ្គលិកថែទាំម្នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ឡានពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុនៅវេលាម៉ោង១០និង៣៤នាទីយប់។
សមត្ថកិច្ចកូរ៉េខាងត្បូងបានរាយការណ៍ថា ភភ្លើងឆេះយន្តហោះបាន រលត់ទាំងស្រុងនៅវេលាម៉ោង ១១ និង ៣១នាទីយប់ថ្ងៃដដែល។ ទោះបីជាដំបូង មិនមានអ្នករងរបួសត្រូវរាយការណ៍ក៏ដោយ អាជ្ញាធរពន្លត់អគ្គិភ័យបាននិយាយថា មានមនុស្ស ៤នាក់បានរងរបួសស្រាល នៅពេលជម្លៀសពួកគេចេញពីយន្តហោះ។ ក្នុងនោះ មនុស្សពីរនាក់បានទទួលការព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។
ភា្លមៗ មូលហេតុឆេះយន្តហោះនេះ នៅមិនទាន់ដឹងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការ។ ក្រុមហ៊ុនអាកាសចរណ៍ Air Busan មិនធ្លាប់ជួបប្រទះគ្រោះថ្នាក់ណាមួយទេក្នុង រយៈពេលរាប់សិបឆ្នាំកន្លងមកនេះ៕
ប្រភព ៖ យ៉ុនហាប់ ប្រែសម្រួល ៖ ឈឹម ទីណា


