គុណភាពខ្យល់នៅកម្ពុជានៅតែល្អប្រសើរ ខណៈប្រទេសជិតខាងមួយចំនួននៅតែបន្តជួបបញ្ហាបំពុលខ្យល់
(ភ្នំពេញ)៖តាមរយៈការចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់របស់ក្រសួងបរិស្ថាន បង្ហាញថាគុណភាពខ្យល់នៅកម្ពុជាគិតត្រឹមពាក់កណ្តាលសប្តាហ៍នេះពោលគឺគិតពីថ្ងៃ ទី២៩ ខែមករា ឆ្នាំ ២០២៥ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច កម្ពុជាមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២២.៩០ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្នុងសេចក្តីជូនដំណឹងដែលបញ្ជាក់ពីភាពល្អប្រសើរនៃគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានឱ្យដឹងពីខេត្តនីមួយៗផងដែរក្នុងនេះដូចជា៖
-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ
-ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន
-ពណ៌លឿងៈ ខេត្តពោធិ៍សាត់
គួរបញ្ជាក់ថាកាលពីអំឡុងដើមខែមករា ឆ្នាំ២០២៥តាមរយៈការត្រួតពិនិត្យគេក៏ឃើញដែរថាគុណភាពខ្យល់ នៅកម្ពុជា ក៏នៅតែបន្តរក្សាបានភាពល្អប្រសើរ ដោយគេ មិនបានរកឃើញ កំហាប់ភាគ ល្អិតនិចល PM2.5 កើនឡើង ដល់កម្រិតប៉ះពាល់ ដល់សុខភាពគួរឱ្យព្រួយបារម្ភ ដូចប្រទេសជិតខាង នោះដែរ ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៥កន្លងមក ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាបានប្រាប់បណ្តាញសារព័ត៌មានដែរថាគុណភាពខ្យល់ នៅកម្ពុជាស្ថិតនៅក្រោម បន្ទាត់ក្រហម នៅឡើយ ដោយពុំមានអ្វី ដែលជាការព្រួយបារម្ភនោះទេ។ ដោយក្នុងនោះគិតត្រឹម ថ្ងៃទី៩ ខែមករាកន្លងមក ការត្រួតពិនិត្យគុណភាពខ្យល់ នៅទូទាំងប្រទេសកម្ពុជា គឺមាន ២៥,៤៩មីក្រូក្រាម ក្នុង ១ម៉ែត្រគូប(µg/m3) ដែលតួលេខនេះស្ថិតនៅក្រោមស្តង់ដារជាតិ ដែលកំណត់យក ៥០មីក្រូក្រាម ក្នុង ១ម៉ែត្រគូប(µg/m3)។
ឯកឧត្តម សង្កត់ធ្ងន់ថា កម្ពុជា មិនមែនជាប្រភពបំពុលខ្យល់ ដល់ប្រទេសជិតខាង ដូចការចោទប្រកាន់នោះទេ។
ជាមួយគ្នានេះឯកឧត្តម ខ្វៃ អាទិត្យាបានថ្លែងឱ្យដឹងដែរថា៖នាពេលបច្ចុប្បន្ន ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ បញ្ហាបំពុលខ្យល់ តាមរយៈបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ណែនាំប្រជាពលរដ្ឋ កុំឱ្យដុតជញ្រ្ជាំង កុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម សំរាមសំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀត នៅទីចំហ ដែលជាហេតុបង្កឱ្យ មានការកើនឡើងការបំពុលបរិយាកាស។
ឯកឧត្តម ខ្វៃ អាទិត្យា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅតាមបណ្តាខេត្ត មានស្ថានីយ៍បំពាក់ឧបករណ៍ ត្រួតពិនិត្យតាមដានគុណភាពខ្យល់ ជាប្រចាំយ៉ាងតិចចាប់ពី២គ្រឿង ទៅ៣គ្រឿង។ ជាមួយគ្នានេះ ក្រុមមន្រ្តីជំនាញក្រសួងបរិស្ថាន ក៏បានធ្វើការសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយនៅវិធានការទប់ស្កាត់ការកាប់ឆ្កាដុតព្រៃ ដុតជញ្រ្ជាំង ជាប្រចាំ ។
គួររំលឹកថា ក្រសួងបរិស្ថាន បានបំពាក់ ឧបករណ៍ត្រួតពិនិត្យ តាមដានគុណភាពខ្យល់ សាធារណៈ ជាប្រចាំ នៅតាមរាជធានី-ខេត្ត ចំនួន៦០ទីតាំង បន្ថែមលើការបញ្ជូន រថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិស្ណុ» ចល័តចំនួន៣គ្រឿង ដើម្បីតាមដានគុណភាពខ្យល់ ទូទាំងប្រទេស។
គួរបញ្ជាក់ថាប្រទេសថៃគិតត្រឹមថ្ងៃទី២៨ និងទី២៩ ខែមករា ឆ្នាំ ២០២៥កន្លងក៏បានបញ្ជាក់ពីគុណភាពខ្យល់នៅតែគ្រប់ដណ្តប់ខ្យល់ពុលនៅឡើយបើទោះបីធូរស្រាលជាងមុនបន្តិចក្តី។
វើបសាយកាសែត thaipbs newsរបស់ថៃបានធ្វើសេចក្តីរាយការណ៍នាដើមសប្តាហ៍នេះ ពីការ បំពុលខ្យល់នៅទី ក្រុង បាងកក ស្ថិតនៅក្នុង កម្រិតធូរស្រាលបន្តិចវិញ ពោលគឺក្នុងកម្រិត PM2.5 ។ទោះបីយ៉ាងណាអ្នកជំនាញប្រទេសនេះព្រមានខ្យល់ពុលអាក្រក់កើតឡើងខ្លាំងម្តងទៀតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៥។
ប្រភពពីកាសែតដដែលនេះបានលើកឡើងពីខ្យល់ពុលនៅប្រទេសថៃប្រសើរឡើងបន្តិចបន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះព្រមានដាក់ទោស និងពិន័យចំពោះកសិកដែរលដុតជញ្រ្ជាំស្រូវ ដុតសំណល់ចំការអំពៅរួចមក៕
ដោយ៖ម៉ាដេប៉ូ




