អាចម៍ផ្កាយយក្សទំហំជិត ៦០ ម៉ែត្រ អាចនឹងវាយប្រហារភពផែនដីឆ្នាំ ២០៣២
អន្តរជាតិ ៖ អ្នកជំនាញបានព្រមានថា ថ្មអវកាសយក្សមួយកំពុងហោះបោះពួយសំដៅមកវាយប្រហារភពផែនដីក្នុងអំឡុងឆ្នាំ ២០៣២។ អាចម៍ផ្កាយនេះ មានឈ្មោះថា 2024 YR4 ជាអាចម៍ផ្កាយតូចដែលអាចនឹងបង្កការគំរាមកំហែងដល់ភពផែនដី។ វាត្រូវបានគេប៉ាន់ស្មានថា មានប្រវែងជិត ៦០ម៉ែត្រ ឬមានទំហំប៉ុនពាក់កណ្តាលតារាងបាល់ទាត់។
ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Space.com វត្ថុនៅជិតផែនដី ហៅកាត់ (NEO) នេះ មានឱកាស ១ក្នុងចំណោម៨៣ ក្នុងការហោះបុកភពផែនដីរបស់យើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០៣២ ខណៈដែលអាចម៍ផ្កាយនេះ បង្ហាញពីហានិភ័យខ្ពស់បំផុតមួយ នៃផលប៉ះពាល់ដែលមិនធ្លាប់មាន។
យោងតាមមជ្ឈមណ្ឌលសិក្សាពីវត្ថុនៅជិតផែនដី NEO (CNEOS) របស់អង្គការ NASA បានឱ្យដឹងថា បច្ចុប្បន្នអាចម៍ផ្កាយនេះ ត្រូវបានព្យាករណ៍ថា កំពុងស្ថិតនៅចម្ងាយប្រហែល ៤៣លានគីឡូម៉ែត្រពីផែនដី។ អាចម៍ផ្កាយ 2024 YR4 ត្រូវបានគេប្រទះឃើញជាលើកដំបូងដោយកែវឆ្លុះវិទ្យាសាស្រ្តក្នុងទីក្រុង Rio Hurtado ប្រទេសឈីលី ក្រោមគម្រោង ATLAS។
ដោយសារតែហានិភ័យរបស់វា អាចម៍ផ្កាយ 2024 YR4 ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីបង្កហានិភ័យដល់ផែនដីរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប និងអង្គការ NASA។ យ៉ាងណា ក្រុមតារាវិទូកំពុងដាស់តឿនមនុស្សកុំឲ្យមានការព្រួយបារម្ភខ្លាំងពេក។
លោក David Rankin វិស្វករមកពី Catalina Sky Survey និងជាអ្នកប្រមាញ់អាចម៍ផ្កាយ បានប្រាប់ Space.com ថា ប្រូបាប៊ីលីតេនៃផលប៉ះពាល់នៅតែមានកម្រិតទាបនៅឡើយទេ។ ប៉ុន្តែប្រសិនបើវាបុកផែនដីមែននោះ វាអាចបណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំងមួយនៅក្នុងបរិយាកាស និងអាចបង្កើតជារណ្ដៅធំមួយនៅពេលធ្លាក់ដល់ដី។ ប៉ុន្តែសម្រាប់ពេលនេះ ក្រុមតារាវិទូកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើអាចម៍ផ្កាយ 2024 YR4៕
ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា
