ចិនប្រើមនុស្សយន្តរាំក្នុងកម្មវិធីចូលឆ្នាំ ទាក់ទាញអ្នកមើល២.៨ពាន់លានដង
បរទេស៖ ចិនបានប្រើមនុស្សយន្តរាំ ជាមួយមនុស្សពិត ទាក់ទាញអ្នកមើលទូទាំងពិភពលោក បានចំនួន ២.៨ពាន់លានដង ក្នុងកម្មវិធី Spring Festival Gala ឬ កម្មវិធីពិធីអបអរសារទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នេះបើតាមការចុះផ្សាយ របស់គេហទំព័រ Scmp កាលពីថ្ងៃពុធ។
មនុស្សយន្ត AI ឈ្មោះថា «Yangge Bot» ចំនួន១៦គ្រឿង ត្រូវបានផលិត ដោយក្រុមហ៊ុន Unitree Robotics បានចូលរួមរាំ សំដែងរបាំដ៏ពេញនិយមឈ្មោះថា Yangge ជាមួយនឹងឆុតសម្លៀកបំពាក់ជាអាវធំប្រពៃណី មានផ្កា បង្វិលកន្សែងដៃ បោះចុះ បោះឡើង នៅកណ្តាលអាកាស ដ៏ល្អឥតខ្ចោះ ជាមួយនឹងតន្ត្រី។
ប្រភពបានបន្តថា មនុស្សយន្តទាំងនោះ បានឆ្លងកាត់ ការហ្វឹកហ្វឺន រយៈពេលបីខែ ហើយបានប្រើប្រាស់ឡាស៊ែរ SLAM ហើយ ចលនាសម្របសម្រួល យ៉ាងល្អឥតខ្ចោះរបស់មនុសុ្សយន្តទាំងនេះ ទទួលបានការសរសើរ យ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។
យោងតាមស្ថិតិបឋម បានឲ្យដឹងថា Spring Festival Gala គឺជាកម្មវិធីទូរទស្សន៍ប្រចាំឆ្នាំ ដែលមានអ្នកមើលច្រើនជាងគេបំផុត របស់ពិភពលោក ទទួលស្គាល់ដោយ Guinness World Records ហើយ ការផ្សាយបន្តផ្ទាល់ រយៈពេល ៥ម៉ោង ក្នុងឆ្នាំនេះ បានទាក់ទាញ ការទស្សនាចំនួន ២.៨ ពាន់លានដង ធៀបនឹងឆ្នាំមុន មានត្រឹមតែ ៦៩០លានដង តែប៉ុណ្ណោះ។
ប្រភពបានបញ្ជាក់ដែរថា ក្រុមហ៊ុន Unitree Robotics នេះ មានមូលដ្ឋាន នៅក្នុងទីក្រុង ហាងចូវ ដែលជាទីកន្លែង សម្រាប់ការចាប់ផ្តើមអាជីវកម្ម AI DeepSeek ដែលកំពុងអង្រួនទីផ្សារបច្ចេកវិទ្យាពិភពលោក ។ ក្រៅពីនេះ ក៏ជាប្លុក បង្កើតវីដេអូហ្គេមល្បី Black Myth: Wukong ផងដែរ។
ក្រៅពីការបង្ហាញសកម្មភាព មនុស្សយន្តរាំ ចិនក៏បានបច្ចេកវិទ្យាខ្ពស់មួយទៀត ក្នុងពិធីបុណ្យចូលឆ្នាំចិន នៅឆ្នាំនេះដែរ នោះគឺការផ្សាយជាសកល ដែលដំណើរការដោយ បច្ចេកវិទ្យា Cloud ក្នុងនោះ Alibaba Cloud បានជំនួសការបញ្ជូនផ្កាយរណប បែបប្រពៃណី ជាមួយនឹងការផ្សាយ ទៅកាន់អ្នកទស្សនា រាប់ពាន់លាននាក់៕
ប្រភពពី Scmp ប្រែសម្រួល៖ សារ៉ាត
