បំពុលខ្យល់បំផ្លាញក្រុងបាងកក អស់ ៩០លានដុល្លារ

បរទេស៖ ទីក្រុងបាងកក ប្រទេសថៃ អាចនឹងខាតបង់សេដ្ឋកិច្ច ជិត៩០លានដុល្លារ ព្រោះការបំពុលបរិយាកាស ប៉ុន្មានថ្ងៃមកនេះ ក្នុងនោះ ប្រជាពលរដ្ឋត្រូវចំណាយខ្ពស់ លើថ្លៃព្យាបាល និង ការប៉ះពាល់អាជីវកម្មនានា ជាដើម នេះបើតាមការចុះផ្សាយ របស់កាសែត MSN កាលពីថ្ងៃអង្គារ។

ការវាយតម្លៃ របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ប្រទេសថៃ ចុះផ្សាយលើទីភ្នាក់ងារព័ត៌មាន Thai PBS World បង្ហាញថា ការខូចខាតផ្នែកសេដ្ឋកិច្ច បណ្តាលមកពីការបំពុលខ្យល់ ដែលលើសពី១០០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ជាមធ្យម ផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ AQI នៅក្នុង និងជុំវិញទីក្រុងបាងកក ក្នុងរយៈពេលមួយខែ ត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ៣ពាន់លានបាត ឬ ៨៩.៤ លានដុល្លារអាមេរិក។

មជ្ឈមណ្ឌលនេះបាននិយាយថា PM2.5 ច្រើនពេក នៅក្នុងបរិយាកាស នាំឱ្យមានការចំណាយលើការព្យាបាលវេជ្ជសាស្រ្ត និងការថែទាំសុខភាព ដើម្បីការពារសុខភាព ដូចជា ចាយលើម៉ាស់មុខ និងម៉ាស៊ីនបន្សុទ្ធខ្យល់ ហើយប្រជាជននឹងបន្ថយការចំណាយលើទំនិញ និងសេវាកម្ម ពីអាជីវកម្មនានា ដោយសារពួកគេត្រូវទុកលុយ ចំណាយលើបញ្ហាសុខភាព ពីខ្យល់ពុលនេះ។

ប្រភពបានប៉ាន់ប្រមាណថា ប្រជាជនប្រហែល ២.៤ លាននាក់ នៅក្នុងទីក្រុងបាងកក កំពុងទទួលរងនូវ បញ្ហាអាឡែស៊ី និងជំងឺផ្លូវដង្ហើម ដោយក្នុងនោះ ប្រហែលពាក់កណ្តាល នៃពួកគេ ត្រូវទៅជួបគ្រូពេទ្យ យ៉ាងហោចណាស់ ម្តងក្នុងមួយខែ ហើយការណ៍នេះ នាំឲ្យពលរដ្ឋត្រូវចំណាយ លើថ្លៃព្យាបាល និងការធ្វើដំណើរ ដែលជាមធ្យម អាចមានដល់ ៦០ដុល្លារ ក្នុងមួយលើក។

យោងតាមមជ្ឈមណ្ឌល Kasikorn បានឲ្យដឹងទៀតថា សកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត ដូចជា ការបិទសាលារៀន, ផលប៉ះពាល់លើវិស័យទេសចរណ៍ និង ការងារពីផ្ទះ នាំឲ្យការខូចខាតសេដ្ឋកិច្ច អាចខ្ពស់ជាងនេះ ទៀត៕

ប្រភពពី MSN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner