ចំណាប់ខ្មាំងថៃ ៥នាក់ចូលពេទ្យ ក្រោយហាម៉ាស់ដោះលែង

បរទេស ៖ ចំណាប់ខ្មាំងជាជនជាតិថៃ ៥នាក់ ត្រូវបានបញ្ជូន ទៅដល់មន្ទីរពេទ្យ នៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺបន្ទាប់ពីត្រូវបានដោះលែង ចេញពីតំបន់ហ្គាហ្សា ដែលកំពុងមានជម្លោះ រវាងអ៊ីស្រាអែល និង ហាម៉ាស់។

ពួកគេបានទៅដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Shamir ស្ថិតក្នុងទីក្រុង Beer Yaakov ដើម្បីសម្រាកព្យាបាល ក្រោយពេលមានសេរីភាព។

ផ្អែកតាមកាសែត The Nation នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានសម្តែងនូវសេចក្តីរីករាយ ចំពោះការដោះលែងចំណាប់ខ្មាំងថៃ ដោយថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ និង ណែនាំឲ្យមានការសម្របសម្រួលជាបន្ទាន់ សម្រាប់ការត្រឡប់មកថៃវិញ ប្រកបដោយសុវត្ថិភាព។

អ្នកនាំពាក្យក្រសួងការបរទេសថៃ បានថ្លែងរំពឹងថា ចំណាប់ខ្មាំងថៃទាំងនោះ អាចនឹងត្រលប់មកប្រទេសថៃវិញ ក្នុងរយៈពេល១០ថ្ងៃទៀត។ ប្រភពបានឲ្យដឹងដែរថា ចំណាប់ខ្មាំងថៃ ចំនួន៤៦នាក់បានស្លាប់ ដោយសារជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស ខណៈដែល ២៨នាក់ផ្សេងទៀត ត្រូវបានដោះលែង។ នៅមានចំណាប់ខ្មាំង ជនជាតិថៃ តែម្នាក់គត់ ដែលនៅតែត្រូវបានឃុំខ្លួន នៅទីនោះ នេះបើតាម The Nation ដដែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner