Trump បន្ទោសរដ្ឋបាលលោកបៃឌិន រឿងយន្តហោះបុកគ្នា
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្តីបន្ទោសដល់រដ្ឋបាល របស់អតីតប្រធានាធិបតី Joe Biden ចំពោះការលើកទឹកចិត្ត ដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ក្នុងការជ្រើសរើសបុគ្គលិក ដោយលោកហៅថា ជាមន្ត្រីមានពិការភាពបញ្ញាធ្ងន់ធ្ងរ, បញ្ហាផ្លូវចិត្ត និង បញ្ហារាងកាយផ្សេងទៀត ក្រោមគំនិតផ្តួចផ្តើម «ជួលបុគ្គលិក តាមភាពចម្រុះ និងការដាក់បញ្ចូលគ្នា» នេះបើតាមប្រភពពី Japantoday។
លោក Donald Trump បានបន្ថែមថា កម្មវិធីនេះ អនុញ្ញាតឲ្យមានការជួលអ្នកដែលមានបញ្ហា នៃការស្តាប់ និងមើល ព្រមទាំង ខ្វិន ជំងឺឆ្កួតជ្រូក និងជាមនុស្សតឿ។ ប្រធានាធិបតី បក្សសាធារណរដ្ឋ រូបនេះ បាននិយាយថា «រឿងអាក្រក់ខ្លះ បានកើតឡើង ទាំងមិនគួរកើតឡើង ទៅរួច»។ លោក Trump បាននិយាយទៀតថា «អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ត្រូវតែមានភាពវៃឆ្លាត ដើម្បីធានាសុវត្ថិភាព ហើយ ពួកគេត្រូវតែមានទេពកោសល្យ ពីធម្មជាតិ»។ យ៉ាងណាមិញ លោក Trump មិនផ្តល់ភស្តុតាងណាមួយដែលថា បញ្ជាក់ថា មនុស្សគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាខ្លះ កំពុងតែស្ថិតក្នុងមុខតំណែង សំខាន់ៗ ដូចជា ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស នោះទេ។
ប៉ុន្តេ លោក Trump បានរិះគន់ធ្ងន់ៗ លើលោក Pete Buttigieg ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីដឹកជញ្ជូន របស់លោក Biden ដោយហៅថា «គ្រោះមហន្តរាយ»។ លោក Pete ធ្លាប់ប្រកួតប្រជែង ជាមួយ Trump ដណ្តើមការគ្រប់គ្រងសេតវិមាន ក្នុងឆ្នាំ២០២០។
យ៉ាងណាមិញ លោក Buttigieg បានឆ្លើយតប នៅក្នុងការបង្ហោះនៅលើ X វិញ ដោយហៅការអត្ថាធិប្បាយ របស់លោក Trump ថា «គួរឱ្យស្អប់ខ្ពើម»។ លោកបានបន្ថែមថា «ខណៈដែលក្រុមគ្រួសារកំពុងទុក្ខសោក លោក Trump មិនត្រូវនិយាយកុហកទេ ក្នុងនាមជាអ្នកដឹកនាំ »។
គួរបញ្ជាក់ថា យន្តហោះដឹកមនុស្ស ៦៤នាក់ បានបុកគ្នា នឹងឧទ្ធម្ភាគចក្រយោធាដឹកនាំមនុស្ស៣នាក់ នៅក្នុងទីក្រុងវ៉ាស៊ីនតោង ឌីស៊ី ធ្លាក់ចូលទឹកទន្លេ Potomac កាលពីថ្ងៃព្រហស្បតិ៍ ។ ប្រធានាធិបតី Donald Trump បាននិយាយថា គ្មានអ្នកនៅរស់ទេ។ គិតត្រឹមព្រឹកថ្ងៃសុក្រ រកឃើញសាកសពរាប់សិបនាក់ ត្រូវបានស្រង់ចេញពីទឹក ខណៈជាង១០នាក់ទៀត នៅបាត់ខ្លួន នេះបើតាម CNN៕
ប្រភពពី Japantoday ប្រែសម្រួល៖ សារ៉ាត
