អ៊ីរ៉ង់សម្ញែងមីស៊ីលស៊េរីថ្មី បាញ់មួយគ្រាប់ហោះបានចម្ងាយ ១,០០០គីឡូម៉ែត្រ

តេហេរ៉ង់ ៖ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្ហាញមូលដ្ឋានក្រោមដីថ្មីមួយ និងមីស៊ីលស៊េរី ដែលអាចវាយប្រហារទីតាំងសត្រូវក្នុងចម្ងាយ ១,០០០គីឡូម៉ែត្រ។

យោងតាមវីដេអូដែលបានចេញផ្សាយដោយយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា មូលដ្ឋាននេះ ត្រូវបានគេដាក់ឈ្មោះថា ជា “ទីក្រុងមីស៊ីល” ព្រោះវាជាទីកន្លែងស្តុកទុកមីស៊ីលរាប់សិបគ្រាប់ ដែលដាក់នៅលើឡានដឹកទំនិញ។

មេទ័ពជើងទឹកអ៊ីរ៉ង់ លោកឧត្តមនាវីឯក Alireza Tangsiri បាននិយាយថា មូលដ្ឋាននេះ គឺជាកន្លែងស្តុកទុកមីស៊ីល Cruise Qadr 380 របស់អ៊ីរ៉ង់ ដែលអាចដាក់ពង្រាយ និងបាញ់បង្ហោះក្នុងរយៈពេលតិចជាង ៥នាទីប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានឱ្យដឹងថា កន្លែងតាំងបង្ហាញមីស៊ីលនេះ គឺជាមូលដ្ឋានទីបីហើយនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅពាក់កណ្តាលខែមករា កងទ័ពជើងទឹក IRGC ក៏បានបង្ហាញមូលដ្ឋានក្រោមដីមួយទៀត ដែលផ្ទុកមីស៊ីលប្រឆាំងនាវា នៅតាមបណ្តោយឆ្នេរសមុទ្រនៃឈូងសមុទ្រពែក្ស។

កន្លែងស្រដៀងគ្នានេះ ក៏ត្រូវបានបង្ហាញពីមុនដោយកងកម្លាំងអាកាស IRGC កាលពីថ្ងៃទី១០ ខែមករា ទោះបីជាទីតាំងពិតប្រាកដរបស់វាមិនត្រូវបានបង្ហាញក៏ដោយ។

អ៊ីរ៉ង់បានផ្តោតសំខាន់លើកម្មវិធីមីស៊ីល របស់ខ្លួនជាញឹកញាប់ថា ជាការរារាំងសត្រូវ ដូចជាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាដើម។ ហើយការបង្ហាញនេះ គឺមានគោលបំណងការពារសត្រូវរបស់អ៊ីរ៉ង់ពីការគណនាខុស ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner