ឯកឧត្តម គួច ចំរើន៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងយកចិត្តទុកដាក់ខ្ពស់បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករ

(ភ្នំពេញ)៖ បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

នេះជាប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងឱកាសដឹកនាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យទីតាំងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ដែលកន្លងមកប្រឈមក្នុងការខ្វះទឹកស្រោចស្រព ស្ថិតក្នុងឃុំចំនួន៣ រួមមានឃុំព្រែកអំបិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តម អភិបាលខេត្តកណ្ដាល និងក្រុមការងារ បានធ្វើការចុះពិនិត្យទីតាំងដាក់ម៉ាស៊ីនបូកទឹកចំនួន០១ ស្ថិតនៅព្រែកប៉ាង ព្រមទាំងពិនិត្យការកាយស្ដារដើម្បីសម្រួលលំហូរទឹក ចូលដល់ប្រឡាយរបស់ប្រជាកសិករ ស្ថិតនៅឃុំកោះខែល ។ បន្តពិនិត្យទីតាំងដាក់ម៉ាស៊ីនបូមទឹកចំនួន ០២គ្រឿង នៅព្រែកអ៊ុ និងទីតាំងម៉ាស៊ីនបូមទឹកចំនួន ០៣គ្រឿង ស្ថិតនៅស្ទឹងកូនជ្រែ ក្នុងឃុំព្រែកអំបិល និងបន្តពិនិត្យស្រូវប្រាំងរបស់ប្រជាកសិករ ប្រព័ន្ធប្រឡាយនានាក្នុងឃុំទាំងបី រួមមានឃុំក្រាំងយ៉ូវ ឃុំកោះខែល និងឃុំព្រែកអំបិល ដែលកន្លងមកជួបការប្រឈមនឹងការខ្វះខាតទឹក។ ជាក់ស្ដែងបន្ទាប់ពីបានទទួលការអន្តរាគមន៍ដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅតាមប្រឡាយនានា ព្រមទាំងប្រឡាយអន្តរឃុំ មានទឹកសម្រាប់ឱ្យប្រជាកសិករបូមស្រោចស្រពស្រែប្រាំងរបស់ពួកគាត់ក្នុងរដូវប្រាំងនេះ។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមពិនិត្យ និងតាមដានជាប្រចាំចំពោះបញ្ហាទឹកស្រោចស្រពជូនប្រជាកសិករ ធ្វើយ៉ាងណាឱ្យស្រូវរបស់ប្រជាកសិករមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រាព ហើយមិនត្រូវឱ្យស្រូវរបស់ប្រជាកសិករខូចខាតដោយការខ្វះខាតទឹកស្រោចស្រពនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។

លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានឱ្យដឹងថា៖ ទូទាំងខេត្តកណ្ដាលមានផ្ទៃដីស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង៥ពាន់ហិតា ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រព។ ក្នុងនោះស្រុកស្អាង មានផ្ទៃដីស្រែប្រាំងប្រមាណ ជាង២ពាន់ហិចតា ផងដែរដែលប្រឈមក្នុងការខ្វះការទឹកស្រោចស្រព។ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដោយគិតមកដល់ពេលនេះ មិនទាន់មានស្រូវប្រាំងរបស់ប្រជាពលរដ្ឋមួយគ្រួសារណាក្នុងខេត្តកណ្ដាល រងការខូចខាតដោយខ្វះខាតទឹកស្រោចស្របឡើយ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner