អាមេរិកបញ្ជូនប្រមុខកាទូត ទៅមើលព្រែកជីកប៉ាណាម៉ា

បរទេស ៖ រដ្ឋមន្ត្រីការបរទេសថ្មី របស់សហរដ្ឋអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ បានធ្វើទស្សនកិច្ច នៅព្រែកជីកប៉ាណាម៉ា បន្ទាប់ពីការគម្រាមរបស់ប្រធានាធិបតី Donald Trump ក្នុងការដណ្តើមយកព្រែកជីកមួយនេះ មកគ្រប់គ្រង។

អំឡុងដំណើរទស្សនកិច្ច ក្រៅប្រទេស លើកដំបូង ក្នុងនាមជាអ្នកការទូតកំពូលរបស់អាមេរិក លោក Rubio បានជួបពិភាក្សា ទល់មុខគ្នា ជាមួយប្រធានាធិបតី ប៉ាណាម៉ា លោក José Raúl Mulino ដែលកំពុងទប់ទល់នឹងសម្ពាធ ពីរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក ជុំវិញការគ្រប់គ្រងផ្លូវទឹក របស់ប៉ាណាម៉ា ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក។

លោក Mulino បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជួបលោក Rubio ថា «មិនមានការគំរាមកំហែង នៃការដណ្តើមយកព្រែកជីក ឬ ការប្រើប្រាស់កម្លាំង នោះទេ» ។

ព្រែកជីក ប៉ាណាម៉ា ត្រូវបានប្រគល់ ទៅឱ្យប្រទេសប៉ាណាម៉ា ក្នុងឆ្នាំ១៩៩៩។ សន្ធិសញ្ញា ដែលនាំទៅដល់ការប្រគល់នោះ គឺ ទាមទារឱ្យមានអព្យាក្រឹតភាព ជាអចិន្ត្រៃយ៍ នៃព្រែកជីក ដែលសាងសង់ដោយសហរដ្ឋអាមេរិក មួយនេះ។

ក្រសួងការបរទេសអាមេរិក បាននិយាយ នៅក្នុងសេចក្តីសង្ខេបនៃកិច្ចប្រជុំថា «លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ យ៉ាងច្បាស់ថា ស្ថានភាពនេះ គឺមិនអាចទទួលយកបាន ហើយបើនៅតែមិនមានការផ្លាស់ប្តូរ ភ្លាមៗទេ វានឹងតម្រូវឱ្យសហរដ្ឋអាមេរិក ចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួន ក្រោមសន្ធិសញ្ញា»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner