អ៊ីរ៉ង់បញ្ចេញផ្កាយរណបក្នុងស្រុកថ្មីចំនួន ៣គ្រឿង

តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានបង្ហាញផ្កាយរណបថ្មីចំនួន ៣គ្រឿង ដែលអភិវឌ្ឍដោយផ្ទាល់ដៃ នៅក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីប្រារព្ធទិវាបច្ចេកវិទ្យាអវកាសជាតិរបស់ខ្លួន។

ផ្កាយរណបទាំងបីមានឈ្មោះថា Navak-1, Pars-1 និង Pars-2 ប៉ុន្តែប្រភពមិនបានបញ្ចេញរូបរាងផ្កាយរណបទាំងនេះ។ ដោយបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអវកាសអ៊ីរ៉ង់ ផ្កាយរណបទំនាក់ទំនង Navak-1 ត្រូវបានរចនាឡើង ដើម្បីសាកល្បងមុខងារបច្ចុប្បន្នភាព នៃយានបាញ់បង្ហោះ Simorgh។ យាននេះ ត្រូវបានរំពឹងថា នឹងបញ្ជូនផ្កាយរណបទៅក្នុងគន្លងអវកាសមានរាងអេលីប។ នេះបើយោងតាមសារព័ត៌មាន IRNA។

របាយការណ៍បានឲ្យដឹងថា ផ្កាយរណប Navak-1 មានទម្ងន់ប្រហែល ៣៤គីឡូក្រាម រីឯផ្កាយរណប Pars-2 មានទម្ងន់ ១៥០គីឡូក្រាម។ផ្កាយរណបទាំងនេះ មានសមត្ថភាពបំពេញបេសកកម្មចម្រុះ ក្នុងវិស័យត្រួតពិនិត្យបរិស្ថាន ព្រៃឈើ ការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ និងការគ្រប់គ្រងទីក្រុងជាដើម។

ថ្លែងនៅក្នុងពិធីមួយក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បាននិយាយថា ប្រទេសអ៊ីរ៉ង់គ្រោងនឹងបាញ់បង្ហោះយានអវកាសចំនួនពីរនៅក្នុងសប្តាហ៍ខាងមុខនេះ មុនពេលចុងបញ្ចប់នៃឆ្នាំប្រតិទិនអ៊ីរ៉ង់បច្ចុប្បន្ន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner