ចិនដាក់ពន្ធសងសឹកអាមេរិក ខណៈ Trump ពន្យារដំឡើងពន្ធកាណាដា និងម៉ិកស៊ិក ១ ខែ

ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ បានដំឡើងពន្ធថ្មីលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ខណៈដែលការយកពន្ធថ្មី ១០% របស់លោក Donald Trump លើទំនិញរបស់ចិនបានចូលជាធរមាន។

ក្រសួងពាណិជ្ជកម្មចិនបានប្រកាសដំឡើងពន្ធ ១៥% លើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវអាមេរិក ក៏ដូចជា ១០% លើប្រេងឆៅ ឧបករណ៍កសិកម្ម និងយានជំនិះមួយចំនួន ដែលការដំឡើងពន្ធលើទំនិញទាំងអស់នេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ។

ប៉ុន្មានថ្ងៃបន្ទាប់ពីប្រកាសដំឡើងពន្ធ ២៥% លើការនាំចូលទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក ប្រធានាធិបតីអាមេរិក លោក Donald Trump បានយល់ព្រមពន្យារពេលដំឡើងពន្ធមួយខែសិន ក្រោយមេដឹកនាំកាណាដា និងម៉ិកស៊ិកចាត់វិធានការស្របតាមការចង់បានរបស់អាមេរិក នោះគឺការរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនរបស់ពួកគេ ដើម្បីទប់ស្កាត់ការហូរចូលថ្នាំញៀន fentanyl និងអន្តោប្រវេសន៍ខុសច្បាប់ទៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC News។

ការដំឡើងពន្ធ ២៥% លើការនាំចូលទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក ក៏ត្រូវបានគេរំពឹងផងដែរថា អាចនឹងជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ ប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក និងធ្វើឱ្យសេដ្ឋកិច្ចរបស់មហាអំណាចពិភពលោកមួយនេះជាប់គាំង។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីរសៀលថ្ងៃចន្ទសប្តាហ៍នេះថា កាណាដានឹងចំណាយលុយ ១.៣ពាន់លានដុល្លារលើផែនការពង្រឹងព្រំដែនរបស់ខ្លួន ជាមួយនឹងការដាក់ពង្រាយឧទ្ធម្ភាគចក្រ បច្ចេកវិទ្យា និងបុគ្គលិកថ្មីៗ ក៏ដូចជាធនធានចាំបាច់បន្ថែម ដើម្បីបញ្ឈប់ការចរាចរណ៍គ្រឿងញៀន fentanyl។

នៅព្រឹកថ្ងៃចន្ទដដែល ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ក៏បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ម៉ិកស៊ិកនឹងពង្រឹងព្រំដែនភាគខាងជើងរបស់ខ្លួនជាបន្ទាន់ ជាមួយនឹងការដាក់ពង្រាយសមាជិកឆ្មាំជាតិចំនួន ១០,០០០នាក់ ដើម្បីដោះស្រាយការជួញដូរគ្រឿងញៀនពីម៉ិកស៊ិកចូលទៅក្នុងសហរដ្ឋអាមេរិក ជាពិសេសថ្នាំ fentanyl។

ជាថ្មីម្តងទៀត លោក Trump បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សហរដ្ឋអាមេរិកនឹងបន្តការចរចាជាមួយម៉ិកស៊ិក អំពីសន្តិសុខតាមព្រំដែន ដែលដឹកនាំដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio, រដ្ឋមន្រ្តីរតនាគារអាមេរិក លោក Scott Bessent និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដំឡើងពន្ធ 25% លើទំនិញស្ទើរតែទាំងអស់ ដែលនាំចូលមកក្នុងសហរដ្ឋអាមេរិកពីប្រទេសកាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃអង្គារសប្តាហ៍មុននេះ។

ការសម្រេចចិត្តនេះ បានប្រថុយនឹងការបង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មធំបំផុតចំនួនពីររបស់សហរដ្ឋអាមេរិក ដែលអាចជំរុញឱ្យតម្លៃទំនិញហក់ឡើងខ្ពស់ ប៉ះពាល់ដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ទៅលើទំនិញជាច្រើនប្រភេទ រួមមានរថយន្ត ផលិតផលចំណីអាហារស្រស់ៗ សម្ភារៈសាងសង់ផ្ទះ និងប្រេងសាំងជាដើម៕

ប្រភព ៖ NBC News និង Nikkei Asia ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner