ឆ្នាំក្រោយ បេសសកម្ម ឆាងអឺ-៧ នឹងបញ្ជូនគ្រឿងយន្តឆ្លាតវៃទៅស្វែងរកប្រភពទឹកនៅប៉ូលខាងត្បូងភពព្រះចន្ទ

ប៉េកាំង ៖ ប្រទេសចិនគ្រោងដាក់ពង្រាយគ្រឿងយន្តឆ្លាតវៃ មានឈ្មោះថា The hopper ដើម្បីស្វែងរកប្រភពទឹកនៅប៉ូលខាងត្បូងភពព្រះចន្ទ ដែលនេះជាផ្នែកនៃបេសកកម្មយានអវកាស ឆាងអឺ-៧ នៅឆ្នាំ ២០២៦ ហើយក៏ជាជំហានមួយមានគោលដៅបញ្ជូនមនុស្សទៅជាន់ផ្ទៃភពព្រះចន្ទក្នុងរយៈពេល ៥ឆ្នាំ។

យានអវកាស ឆាងអឺ-៧ របស់ប្រទេសចិន គ្រោងបាញ់បង្ហោះនៅឆ្នាំក្រោយ ឆ្ពោះទៅកាន់ប៉ូលខាងត្បូងភពព្រះចន្ទ ដើម្បីស្វែងរកប្រភពទឹក និងសាកល្បងបច្ចេកវិទ្យាទំនើបៗ ដែលមានសារៈសំខាន់សម្រាប់សកម្មភាពមនុស្សនៅលើភពព្រះចន្ទ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានស៊ីនហួរកាលពីថ្ងៃចន្ទ។

លោក Tang Yuhua ដែលជានាយករងអ្នករចនានៃបេសកកម្ម ឆាងអឺ-៧ បាននិយាយនៅក្នុងបទសម្ភាសន៍ថា ប្រសិនបើរកឃើញប្រភពទឹកនៅលើភពព្រះចន្ទដោយជោគជ័យ វានឹងអាចជួយកាត់បន្ថយការចំណាយ និងពេលវេលាដឹកជញ្ជូនទឹកពីផែនដី, ជួយសម្រួលដល់ការបង្កើតមូលដ្ឋានមនុស្សសម្រាប់សកម្មភាពរយៈពេលវែងនៅលើភពព្រះចន្ទ និងងាយស្រួលដល់ការរុករកបន្ថែមទៀតនៅលើភពអង្គារ ឬនៅទីអវកាសឆ្ងាយៗ។

សូមបញ្ជាក់ថា បេសកកម្ម ឆាងអឺ-៣ និងឆាងអឺ-៥ បានចុះចតដោយជោគជ័យនៅលើផ្ទៃភពព្រះចន្ទ ខណៈដែលបេសកកម្ម ឆាងអឺ-៤ និង ឆាងអឺ-៦ បានទទួលជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការចុះចតនៅផ្នែកដ៏ឆ្ងាយនៃភពព្រះចន្ទ។ ដូច្នេះ ការចុះចតតាមការគ្រោងទុករបស់ បេសកកម្ម ឆាងអឺ-៧ នៅប៉ូលខាងត្បូងភពព្រះចន្ទ នឹងក្លាយជាការសាកល្បងសមត្ថភាពរបស់យានរុករកភពព្រះចន្ទរបស់ប្រទេសចិន ដើម្បីអាចហោះទៅដល់គ្រប់តំបន់នៃភពមួយនេះ៕

ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner