ឥណ្ឌូនេស៊ីដកមន្ត្រីអន្តោប្រវេសន៍ម្តង៣០នាក់ ក្រោយទារលុយអ្នកទេសចរនៅព្រលាន

បរទេស ៖ ឥណ្ឌូនេស៊ីបានដកតំណែងមន្ត្រីអន្តោប្រវេសន៍ ម្តង៣០នាក់ ក្រោយដឹងថា ពួកគេបានជំរិតទារប្រាក់ ពីភ្ញៀវទេសចរបរទេស នៅអាកាសយានដ្ឋានអន្តរជាតិ ស្ថិតក្នុងទីក្រុងហ្សាកាតា នេះបើតាមរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកែប្រែ លោក Agus Andrianto ចុះផ្សាយដោយកាសែត CNA កាលពីថ្ងៃអង្គារ។

លោក រដ្ឋមន្ត្រីបានប្រាប់ កាលពីពេលថ្មីៗនេះថា ពួកគេត្រូវបានចោទប្រកាន់ថា បានជំរិតទារប្រាក់ លើភ្ញៀវទេសចរចិន ជាបន្តបន្ទាប់ នៅព្រលានយន្តហោះអន្តរជាតិ Soekarno-Hatta។ ចំណាត់ការដកតំណែង បានធ្វើឡើង ក្រោយពេលដែលក្រសួងបានទទួលពាក្យបណ្តឹង ជាផ្លូវការ ពីស្ថានទូតចិន ប្រចាំប្រទេសឥណ្ឌូណេស៊ី។ ពាក្យបណ្តឹងបានរៀបរាប់ថា យ៉ាងហោចណាស់ មាន ៤៤ ករណី នៃការគិតប្រាក់បន្ថែម ពីភ្ញៀវទេសចរចិន ជាង៦០នាក់ នៅព្រលានយន្តហោះ ហើយ ពលរដ្ឋចិនជាច្រើននាក់ ថែមទាំងត្រូវបានបណ្តេញចេញ ដោយមន្ត្រីអន្តោប្រវេសន៍ នៅទីនោះ ទៀតផង។ នៅក្នុងចំណាត់ការក្តៅនេះ ប្រាក់ប្រមាណ ២,០០០ដុល្លារ ត្រូវបានប្រគល់សង ទៅទេសចរចិនទាំងនោះវិញ ផងដែរ។

លោករដ្ឋមន្ត្រីបានអរគុណ ដល់ស្ថានទូតចិន ចំពោះរបាយការណ៍នេះ ហើយអះអាងថា ក្រសួងចាត់វិធានការបានយ៉ាងឆាប់រហ័ស ដើម្បីកែលម្អសេវាកម្ម អន្តោប្រវេសន៍ ដោយផ្អែកតាមកំណែទម្រង់ថ្មី របស់ក្រសួង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក The Jakarta Globe ។ បើតាមកាសែត Tempo បានចុះផ្សាយដែរថា ក្នុងចំណោមមន្ត្រីអស់តំណែង ទាំង៣០នាក់ ក៏មានប្រធានផ្នែកស៊ើបការណ៍សម្ងាត់ និងអនុវត្តច្បាប់អន្តោប្រវេសន៍ ផងដែរ។

លោករដ្ឋមន្ត្រី​ បានជំរុញឱ្យមន្ត្រីអន្តោប្រវេសន៍ ទូទាំងប្រទេស ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងសុច្ចរិតភាព ក្នុងភារកិច្ចរបស់ខ្លួន៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner