ឯកឧត្តម ហួត ហាក់ ៖ កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង ១០០០កន្លែង ជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង ១០០០កន្លែង សម្បត្តិបេតិកភណ្ឌវប្បធម៌ជាច្រើនដែលទទួលស្គាល់ដោយអង្គការ UNESCO ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមទៀតអំពីទិសដៅ ការងារអាទិភាព ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង ដោយរក្សាភាពជាខ្មែរ ក្នុងនោះ ការងារអាទិភាពចំនួន ៥ ដែលត្រូវយកចិត្តទុកដាក់នាពេលខាងមុខ រួមមាន៖ ការទាញប្រយោជន៍ឱ្យអស់សក្តានុពលពីគោលដៅទេសចរណ៍ដែលមានស្រាប់ (ដោយឈរលើគោលការណ៍អភិរក្ស, អភិវឌ្ឍ និងរក្សាចីរភាព), ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ប្រកបដោយគុណភាព និងការបើកចំហរទីផ្សារទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក និងការនាំពិភពលោកមកកម្ពុជា (ទាំងនៅ High season, green season)។

ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ហួត ហាក់ ធ្វើឡើងនៅព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដឹកនាំដោយ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញធ្វើការស្វែងយល់ដឹងបន្ថែមអំពីយន្តការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡា ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ទាំងថ្នាក់ជាតិ និងក្រោមជាតិ និងកិច្ចប្រតិបត្តិការអន្តរជាតិ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម លោកជំទាវ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ព្រមទាំងតំណាងគណបក្សនយោបាយទាំងអស់សរុបចំនួន ប្រមាណ ២៥០នាក់ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner