អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ សូមពលរដ្ឋតាមដានព័ត៌មានស្តីពីការប្រែប្រួលគុណភាពខ្យល់របស់ក្រសួង ចៀសវាងជឿលើព័ត៌មានក្លែងក្លាយរបស់ជនខិលខូច
(ភ្នំពេញ)៖ ក្រោយមានការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជាមួយរយៈមក ជនខិលខូចមួយចំនួនឆ្លៀតឱកាសផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួន ពាក់ព័ន្ធការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជា ។
ក្នុងន័យនេះអ្នកនាំពាក្យក្រសួងបរិស្ថានបានសំណូមពរដល់ពលរដ្ឋតាមដាន និងក៏ដូចជាជឿជាក់មកលើការចេញផ្សាយរបស់ក្រសួងបរិស្ថានជារៀងរាល់ថ្ងៃ ដែលប្រកបដោយគុណភាព និងមានស្តង់ដាត្រឹមត្រូវយ៉ាងពិតប្រាកដ ច្បាស់លាស់មិនដូចការលើកឡើង ជនខិលខូចមួយចំនួនតូច មានចេតនាបំភាន់សាធារណមតិ មានបំណងបង្កឱ្យមានការភាន់ច្រឡំលើការផ្សព្វផ្សាយព័ត៌មានពិត ជាក់ស្តែង ដែលកម្ពុជាកំពុងយកចិត្តទុកដាក់លើការផ្សព្វផ្សាយពីគុណភាពខ្យល់នៅកម្ពុជា ដែលបានស្រង់ចេញដោយផ្ទាល់ពីឧបករណ៍និងស្ថានីយ ត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់ មាននៅទូទាំងប្រទេស នាកន្លងមកនេះ ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនា សាលាខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ៖ ទោះគិតមកដល់ដើមខែកុម្ភៈនេះ ជាតិពុល ក្នុងខ្យល់ នៅកម្ពុជា មិនបានកើនឡើង ដល់កម្រិតធ្វើឲ្យព្រួយបារម្ភនៅឡើយ ជាក់ស្តែងសន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជា បានកំណត់ជាមធ្យមពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៥ បានបង្ហាញថា កំហាប់ភាគល្អិតនិចល PM2.5 ជាមធ្យមស្មើនឹង ២៣.៩៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ធៀមនឹងស្តង់ដារ ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់។
ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថាថ្វីត្បិតកំហាប់ភាគល្អិត នៃការបំពុលខ្យល់ នៅកម្ពុជាកន្លងមក បានកើនឡើង ប៉ុន្តែកម្រិតជារួមគិតជាមធ្យមក្នុងរយៈពេល២៤ម៉ោង នៅមិនទាន់បង្កឱ្យមានផលប៉ះពាល់ ដល់សុខភាពសាធារណៈឡើយ។
អ្នកនាំពាក្យ ក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថាក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងនិងចុះផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ព្រមទាំងសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញឱ្យមានការបង្ការប្រសិនបើមានការប្រែប្រួលគុណភាពខ្យល់ ការទប់ស្កាត់ប្រភពបំពុលខ្យល់ ដូចជាទប់ស្កាត់កុំឱ្យមានភ្លើងឆេះ និងការដុតសំរាម សំណល់ប្លស្ទិក សំណល់កសិកម្ម និងសម្ភារៈផ្សេងៗនៅទីវាលជាដើម។
សូមបញ្ជាក់ថា កន្លងមកការបង្កឱ្យកំហាប់ខ្យល់ពុលឡើងខ្ពស់នេះ គឺបង្កឡើងដៅយការប្រែប្រួលអាកាសធាតុ និងមានករណីភ្លើងឆេះស្មៅ ឆេះព្រៃ និងដែលជាធម្មតានៅក្នុងរដូវប្រាំង ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែងអន្តរាគមន៍ ទប់ស្កាត់ និងកាត់បន្ថយការឆេះនេះជាបន្តបន្ទាប់។ ម្យ៉ាងទៀតចំពោះករណីគុណភាពខ្យល់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺត្រូវបានបង្ហាញជាមួយនឹងឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ដែលក្រសួងបរិស្ថាន បានដាក់នៅទីនោះដើម្បីតាមដានគុណភាពខ្យល់ និងផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបជាប្រចាំ មានវិធានការការពារសុខភាព ក្នុងករណីចាំបាច់កើតឡើងដោយប្រការណាមួយ។
មន្រ្តីអ្នកនាំពាក្យរូបនេះក៏បានជំរុញដល់មន្រ្តីថ្នាក់ឃុំ ស្រុក និងមន្រ្តីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង សំណល់ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ ជាមួយគ្នានេះក្រសួងបរិស្ថាន ក៏បានកំពុងធ្វើយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក កម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក ដែលសុទ្ធសឹងតែជាការចូលរួម លើកកម្ពស់គុណភាពខ្យល់ តាមរយៈការរើស ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ការចៀសវាងការដុតប្លាស្ទិក នៅតាមទីសាធារណៈ បង្កឱ្យកើតទ្បើងកំហាប់ជាតិពុល ក្នុងខ្យល់ឡើងខ្ពស់ ហើយបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ក្រុមOB
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_08-52-26-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_08-45-11-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_08-45-09-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_08-45-06-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_08-45-02-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_08-45-03-1024x768.jpg)