ចុងខែឧសភាខាងមុខ ខេត្តកំពង់ចាមនឹងមានទីលានចាក់សំរាមថ្មី​ទំហំ​ជាង៨ហិកតា

កំពង់ចាម៖ នៅតែជាងបីខែទៀតប៉ុណ្ណោះ ខេត្តមួយដែលនៅជាប់ដងទន្លេ​មេគង្គនឹងមានវត្តមានទីលានចាក់សំរាមថ្មីមួយដែលមានទំហំ​ជាង​៨​​ហិកតា ស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខណៈ​បច្ចុប្បន្នការដ្ឋាននេះកំពុងមមាញឹកក្នុងការសាងសង់​។

រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា ទីលានចាក់សំរាមថ្មីនេះកំពុង​ដំណើរការសាងសង់លើផ្ទៃដី ទំហំ ៨.១៣ ហិកតា។ ក្នុងនោះ ទីលានទុកដាក់សំរាមទំហំ ១.៣ ហិកតា ,អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ៤អាង, សាងសង់ផ្លូវចូលទីលាន​ចាក់សំរាមមួយខ្សែប្រវែង ជាងពីរគីឡូម៉ែត្រ ,សាងសង់ផ្លូវបេតុងនៅក្នុងទីលាន ជាងមួយគីឡូម៉ែត្រ ,សាងសង់ច្រកចូល និងរបងមានអាគារការិយាល័យ ,សង់អគារស្នាក់​នៅកម្ពស់ ២ជាន់ ,កន្លែងថ្លឹងរថយន្ត ,អគារសម្រាប់ញែកសំរាម ,អគារ​រោងជាង, អគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន, អគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹកកន្លែងលាង​សម្អាតរថយន្ត ,អគារសម្រាប់ធ្វើជាកំប៉ុស ,រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពល​អគ្គិសនី​ព្រះអាទិត្យ។

គម្រោងនេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី គម្រោងនេះត្រូវ​ប្រើ​រយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។

ពិនិត្យវឌ្ឍនភាពនៃគម្រោង កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ មន្ត្រី​បច្ចេកទេស បានអញ្ជើញពិនិត្យដំណើរការ ការដ្ឋានការសាងសង់ទី​លានចាក់សំរាមថ្មីទំនើប មាន ស្តង់ដា ។ក្នុងពេលពិនិត្យការងារ ទន្ទឹមនឹងការកោតសរសើរចំពោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនទទួលសាងសង់ ឯកឧត្តម​អភិបាលខេត្ត បានរំលឹកដល់អ្នកអនុវត្តគម្រោង​បំពេញឱ្យបានតាមអ្វីដែលមានបញ្ជាក់ក្នុងគម្រោង៕
ដោយ៖លីពៅ

ads banner