អាមេរិកផ្តើមផ្ទុះបាតុកម្មប្រឆាំងលោក Trump

បរទេស ៖ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា ដើម្បីតវ៉ានឹងប្រធានាធិបតីអាមេរិក Donald Trump និង គោលនយោបាយរបស់លោក នៅមុខសាលាក្រុងញូវយ៉ក ដែលជាផ្នែកមួយ នៃចលនា «៥០រដ្ឋ បាតុកម្ម ៥០លើក» ដែលសំដៅលើការអំពាវនាវ ឱ្យមានការតវ៉ា នៅតាមរដ្ឋនីមួយៗ។

បើតាមកាសែត CNBC បានចេញផ្សាយថា ក្រុមបាតុករបានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងនានា ទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ដើម្បីតវ៉ាចំពោះសកម្មភាពដំបូង របស់រដ្ឋបាល Trump ដោយបានបដិសេធអ្វីៗទាំងអស់ រាប់ចាប់ពីការបង្ក្រាបអន្តោប្រវេសន៍, សិទ្ធិអ្នកប្តូរភេទ និង សំណើផ្ទេរជនជាតិប៉ាឡេស្ទីន ដោយបង្ខំ ពីតំបន់ ហ្គាហ្សា ស្ទ្រីប ជាដើម។

ក្រុមអ្នកតវ៉ា បានគ្រវីបដា បរិហារប្រធានាធិបតី Donald Trump , មហាសេដ្ឋី Elon Musk មេដឹកនាំនៃនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលថ្មី របស់ Trump និងរិះគន់ លើគម្រោងនានា នៅឆ្នាំ២០២៥។

អ្នកតវ៉ាម្នាក់ ឈ្មោះ
Margaret Wilmeth បាននិយាយ នៅរដ្ឋ Ohio ថា «ខ្ញុំមានការរន្ធត់ចិត្ត ចំពោះការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេស រយៈពេលពីរសប្តាហ៍ – ប៉ុន្តែ វាបានចាប់ផ្តើម ជាយូរមកហើយ…ដូច្នេះ ខ្ញុំគ្រាន់តែព្យាយាមចង់មានវត្តមាន នៅក្នុងការតស៊ូ»។

គួរបញ្ជាក់ថា ការតវ៉ានេះ ជាលទ្ធផលនៃចលនាមួយ ដែលបានរៀបចំ តាមអ៊ីនធឺណិត «៥០ រដ្ឋ ៥០លើក ក្នុងមួយថ្ងៃ»។ គេហទំព័រ និងគណនីនានាទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម បានចេញការអំពាវនាវឱ្យមានសកម្មភាព ដោយមានសារ ដូចជា «បដិសេធហ្វាស៊ីសនិយម» និង «ការពារលទ្ធិប្រជាធិបតេយ្យ របស់យើង» ជាដើម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner