ក្រសួងការងារ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ KOICA លើគម្រោងលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ KOICA លើគម្រោងលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដោយសហការជាមួយវិទ្យាស្ថាន TVET ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ស្របទៅនឹងតម្រូវការឧស្សាហកម្ម និងការរីកចំរើនផ្នែកបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះ KOICA ដែលបានរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍន៍ជាច្រើនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ។
ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសទទួលជួប ពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោកស្រី ឆយ ម៉ូនជុង (Choi Moon Jung) នាយិកាប្រចាំប្រទេសរបស់ KOICA។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ផ្តោតលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង KOICA ជាពិសេសលើសេចក្តីព្រាងឯកសារនៃគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ២០២៦-២០៣០។
ជាការឆ្លើយតប លោកស្រី ឆយ ម៉ូនជុង បានបង្ហាញនូវការពេញចិត្តចំពោះការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងKOICA និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រី ជឿជាក់ថា តាមរយៈគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទេពកោសល្យសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា ស្របតាមអាទិភាពរបស់កម្ពុជា ក្នុងការការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ទន្ទឹមនឹងអាទិភាពរបស់ប្រទេសកូរ៉េ ដែលត្រូវការកម្លាំងពលកម្មជំនាញពីបរទេស ៕
ដោយ ៖ ង៉ាន់ ទិត្យ
![](https://asset.ams.com.kh/central/media/2025/02/3A8A4202-1-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/3A8A4295-1-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_3577-1-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/3A8A4299-1-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/021_0882.00_00_29_00.Still001-1-1024x654.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_3600-1-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_3623-1-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/3A8A4309-1-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/3A8A4342-1-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/3A8A4337-1-1024x683.jpg)