កាកបាទក្រហមកម្ពុជា ទទួលសម្ភារៈវិជ្ជាសង្គ្រោះបឋមពីអង្គការ JOHANNITER
(ភ្នំពេញ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលសម្ភារៈវិជ្ជាសង្គ្រោះបឋមពីប្រតិភូអង្គការយូហាន់នីធើប្រចាំតំបន់អាស៊ីអាគ្នេយ៍ (JOHANNITER) ដឹកនាំដោយលោកស្រី Anette Muller នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការយូហាននីធើ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
លោកស្រី Anette Muller បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ពិសេសលោកជំទាវអគ្គលេខាធិការ ដែលបានចំណាយពេលវេលាទទួលជួបសំណេះសំណាល និងទទួលសម្ភារៈវិជ្ជាសង្គ្រោះបឋមនៅពេលនេះ។ ទន្ទឹមនិងនេះលោកស្រីក៏បានជម្រាបជូនអំពីសកម្មភាពការងារ និងបេសកម្មរបស់អង្គការយូហាន់នីធើផងដែរ ។
លោកជំទាវ ពុំ ចន្ទីនី បានជម្រាបជូនអំពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជាដែលបានធ្វើ កំពុងធ្វើ និងបន្តធ្វើលើសកម្មភាពមនុស្សធម៌ ដោយឡែកចំពោះសកម្មភាពបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម លោកជំទាវបានលើកឡើង យ៉ាងលំអិតជូនប្រតិភូអង្គការយូហាន់នីធើ។
លោកជំទាវបញ្ជាក់បន្ថែមថា«អង្គការយូហាន់នីធើ បានចាប់ផ្តើមការងារក្នុងប្រទេសកម្ពុជាឆ្នាំ២០១១ មានបេសកម្មខាងជួយសង្គ្រោះបឋម តាំងពីយូរមកហើយតែមិនមានទំនាក់ទំនងជាមួយកាកបាទក្រហមកម្ពុជា តែមកដល់ឆ្នាំ២០២៤ អង្គការនេះក៏ចាប់ផ្តើមស្នើឲ្យកាកបាទក្រហមកម្ពុជា សូមឲ្យមានអ្នកទៅរៀនវិជ្ជាសង្គ្រោះបឋម ឆ្លើយតបកាកបាទក្រហមកម្ពុជា ក៏បានចាត់មន្ត្រី៣នាក់ទៅរៀនតាមការស្នើសុំ ក្រោយពីមន្ត្រី៣នាក់ទៅរៀនរួចក៏ទៅជួយបង្រៀនឱ្យអង្គការវិញ។
ចំពោះការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមយើងមានទិសដៅក្នុងការអភិវឌ្ឍចំណេះដឹងតទៅមុខហើយឱ្យខ្លាំងជាងបណ្តាឆ្នាំកន្លងទៅទៀត ពីព្រោះយើងត្រូវមានបណ្ដាញយុវជននិងអ្នកស្ម័គ្រចិត្តរឹងមាំដែលយល់ដឹងពីវិជ្ជាសង្គ្រោះបឋម ជាមួយគ្នាយុទ្ធសាស្ត្រ ២០២១-២០២៣០ របស់កាកបាទក្រហមកម្ពុជា ធ្វើយ៉ាងណាក្នុងមួយគ្រួសារឱ្យមានមនុស្សម្នាក់ចេះវិជ្ជាសង្គ្រោះបឋម គឺយល់ហើយចេះវិជ្ជាសង្គ្រោះបឋម ជួយជនរងគ្រោះភ្លាមៗនៅកន្លែងមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហើយពេលនេះយើងត្រូវចាប់ដៃគូដើម្បីគាំទ្រទាំងសម្ភារៈ និងជំនាញបច្ចេកទេសក្នុងការបណ្តុះបណ្តាលគ្រូបំពេញបន្ថែមឱ្យកាន់តែច្រើនឡើងៗមានសមត្ថភាពបន្ថែមទៀត។
លោកជំទាវបានបញ្ជាក់បន្ថែមថាសម្ភារៈដែលទទួលបានថ្ងៃនេះ នឹងយកទៅប្រើប្រាស់សម្រាប់ការបង្រៀន និងដើម្បីសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិកដែលមានបញ្ហាសុខភាពបានភ្លាមៗផងដែរ» ៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_12-42-44-1024x679.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_12-42-45-1024x751.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_12-42-40-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_12-42-33-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_12-43-11-1024x682.jpg)
ដោយ / គ្រី សម្បត្តិ