ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញពីគំនិតផ្តួចផ្តើមក្នុងការបង្កើតសួនឌីជីថល ក្នុងគោលបំណងគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងរកសាងសហគមន៍ឌីជីថល
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៦ ខែកុម្ភៈនេះ បានបង្ហាញពីគំនិតផ្តួចផ្តើមក្នុងការបង្កើតបង្កើតសួនឌីជីថលមួយ ក្នុងគោលបំណងបំណងគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងរកសាងសហគមន៍ឌីជីថលនៅកម្ពុជា ។
គំនិតផ្តូចផ្តើមនេះ ធ្វើឡើងនៅថ្ងៃទី២ តាមរយៈបទបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា សួនឌីជីថលនេះ នឹងក្លាយជាច្រកចេញ-ចូលតែមួយដើម្បីគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ផ្តល់ការគាំទ្រកិច្ចការរដ្ឋបាលនិងអនុលោមភាព, ផ្សារភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅនឹងឧស្សាហកម្ម និងការអប់រំជំនាញឌីជីថលដោយផ្សារភ្ជាប់នឹងឱកាសការងារ។
ឯកឧត្តម ឱ្យដឹងបន្ថែមថា សួនឌីជីថល នឹងចាប់ដៃគូជាមួយវិទ្យាល័យ សកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងការដើរតួនាទីជាមជ្ឈមណ្ឌលអប់រំ ដើម្បីជំរុញការអភិវឌ្ឍជំនាញឌីជីថល, ផ្តល់ឱកាសហ្វឹកហាត់ការងារ, ផ្តល់កម្មវិធីបណ្តុះបណ្តាល និងឱកាសការងារដោយផ្ទាល់និងការងារពីចម្ងាយ ព្រមទាំងលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យកជំនាញឌីជីថលក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ។
ឯកឧត្តម ហាក់ សុខហេង បានឱ្យដឹងទៀតថា សួនឌីជីថលនេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យជាតិទី១ សម្រាប់បំពេញតម្រូវការទាំងវិស័យសាធារណៈនិងឯកជន, ផ្តល់សេវា Data Hosting មួយប្រកបដោយសុវត្ថិភាព ការជឿទុកចិត្ត និងតម្លៃសមរម្យ, ទីស្នាក់ការសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា, ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់នឹងពិភពលោកមកដាក់ប្រតិបត្តិការនៅកម្ពុជា, ដើរតួនាទីជាច្រកទ្វារសម្រាប់ភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន, ផ្តល់ទីកន្លែងតាំងពិព័រណ៍នូវស្នាដៃនវានុវត្តន៍ពីធុរកិច្ចថ្មីឌីជីថល មជ្ឈដ្ឋានសិក្សា អ្នកសិក្សាស្រាវជ្រាវ វិស័យឯកជន និងភ្នាក់ងាររដ្ឋាភិបាលនានា និងផ្តល់ជាទីតាំងសម្រាប់ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា ដើម្បីជំរុញកិច្ចសហការ និងការចូលរួមពីសាធារណជន។
ឯកឧត្តម បានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ កំពុងតែសិក្សាដើម្បីកំណត់ជម្រើសទីតាំងសួនឌីជីថល និងរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ ការបង្កើតសួនឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជំនាញឌីជីថល ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រ រួមមាន មជ្ឈមណ្ឌលទិន្នន័យ និងការកសាងសហគម ន៍ឌីជីថលមួយ ក្នុងការទាក់ទាញវិនិយោគិន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃការបង្កើតសួនឌីជីថលនេះ គឺបន្ទាប់ពីក្រសួងបានសិក្សាពីប្រទេសថៃ គឺគម្រោង Thailand Digital Valley ស្ថិតលើទំហំដីប្រមាណ ១២ហិកតា ក្នុងខេត្តឈុនបុរី ចម្ងាយ ៨០គម ពីទីក្រុងបាងកក ដែលគម្រោងនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៨ ដោយសម្រេចបាន៦០%។ គម្រោងនេះ បានផ្តល់ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងរកសាងសហគមន៍ឌីជីថល និងការលើកចិត្ត ដូចជា ពន្ធសាជីវកម្ម និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនជាដើម៕
![](https://asset.ams.com.kh/central/media/2025/02/IMG_6909-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6799-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6795-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6798-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_12-53-07-1024x784.jpg)
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា